ប្រើពេលត្រឹម ៣ ឆ្នាំ Milli ពីក្មេងស្រីរៀនពូកែម្នាក់ ក្លាយជាតារារ៉េបស្រីល្បីទាំងវ័យក្មេង

Milli តារាស្រីថៃវ័យ​ ១៩ ឆ្នាំ ដែលកំពុងតែមានប្រជាប្រិយយ៉ាងជាខ្លាំង ទាំងនៅក្នុងប្រទេស និង លើឆាកអន្ដរជាតិ ក៏ដោយសារតែសមត្ថភាពសិល្បៈ ក៏ដូចជាអត្តចរិតរបស់នាងដែលមានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់។

យ៉ាងណាមិញ បើក្រឡេកទៅមើលពីជីវិតរបស់នាង គេសង្កេតឃើញថា ពីមុននាងធ្លាប់តែជាក្មេងស្រីម្នាក់ធម្មតាប៉ុណ្ណោះ តែបែរជាអាចមានវាសនា រហូតអាចក្លាយជាបុគ្គលល្បីលំដាប់ប្រទេស ក្លាយជាទីពេញចិត្តរបស់មហាជ​នបែបនេះបាន។

តាមព័ត៌មានបានឱ្យដឹងថា Milli មានទីកំណើតនាទីក្រុងបាំងកកផ្ទាល់ តែក្រុមគ្រួសារជាអ្នកមកពីខេត្តស៊ូរ៉ាតថានី ហើយក្នុងនោះកាលនៅរៀនវិទ្យាល័យជាក្មេងស្រីម្នាក់ ដែលរៀនពូកែណាស់ ព្រមទាំងរួសរាយរាក់ទាក់ រហូតខាងសាលាបានតែងតាំងឱ្យនាងក្លាយជាប្រធានសិស្សប្រចាំសាលាទៀតផង។

ចំណែកឯ ខាងសិល្បៈវិញ នាងបានចាប់អារម្មណ៍ចូលចិត្ត ក៏ដូចជាហ្វឹកហាត់ការច្រៀងរ៉េបមកតាំងពីរៀនថ្នាក់ទី ៨ មកម៉្លេះ ដោយសារនាងមានតារាសំណព្វចិត្តក្នុងដួងចិត្ត ចាត់ទុកជា Idol នោះគឺ ​Nicki Minaj ដើម្បីធ្វើជានិម្មិតរូបក្នុងការហ្វឹកហាត់ការរ៉េបរបស់ខ្លួន។ ក្រោយមក នាងក៏បានចាប់ផ្តើមដើរតាមក្តីស្រមៃខ្លួនឯង ដោយបានចូលប្រកួតនៅក្នុងកម្មវីធីល្បី The Rapper Thailand Season 2 ក្នុងឆ្នាំ ២០១៩ ដើម្បីបង្ហាញពីសមត្ថភាពការរ៉េបរបស់ខ្លួន ដែលបានខំហ្វឹកហាត់មកតាំងពីយូរនោះ។

ក្នុងនោះ ក្នុងការប្រកួតស្ទើរតែគ្រប់វគ្គ នាងបានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ទៅលើស្ទីលការរ៉េបរបស់នាង ដែលប្លែកខុសពីបេក្ខជនដទៃ។

យ៉ាងណាមិញ បើទោះជាមិនបានក្លាយជាអ្នកឈ្នះនៅក្នុងកម្មវិធីប្រកួតនោះក៏ដោយ តែនាងត្រូវបានផលិតកម្មល្បី YUPP! ទាញឱ្យចូលមកធ្វើជាតារានៅក្នុងផលិតកម្មខ្លួនទៀតផង​ ហើយចាប់តាំងពីពេលនោះមក នាងក៏បានចេញចម្រៀងកន្រ្តាក់អារម្មណ៍ជាច្រើនបទ ប្រមូលបានប្រជាប្រិយភាពមិនតិចនោះឡើយ។

លើសពីនេះទៅទៀត ថ្មីៗនេះ នាងក៏ត្រូវបានគេអញ្ចើញឡើងសម្តែងនៅលើឆាកអន្តរជាតិមិនដាច់ឡើយ ដោយថែមទាំងបានជួបតារាបរទេសល្បីៗទៀតផង ពោលគឺនាងពិតជាជោគជ័យខ្លាំងណាស់ក្នុងវ័យត្រឹម ១៩ ឆ្នាំ។ បើគិតទៅ នាងប្រើពេលត្រឹម ៣ ឆ្នាំប៉ុណ្ណោះ អាចប្រែក្លាយវាសនាពីក្មេងធម្មតាម្នាក់ ទៅជាកំពូលតារា។ បច្ចុប្បន្ន នាងបានចេញចម្រៀងជាច្រើន និង សហការច្រៀងជាមួយ សុទ្ធតែកំពូលតារារ៉េបលំដាប់ប្រទេស៕

Related posts

Leave a Comment