អស្ចារ្យ! បទ «ចាប៉ី» របស់ក្រុមចម្រៀង Polarix ដាក់បញ្ចូលឧបករណ៍តន្ត្រីខ្មែរបុរាណកាត់សម័យ ពីរោះប្លែក

ក្រុមចម្រៀង Polarix គឺជាក្រុមចម្រៀងមួយដែលស្ថិតក្រោមទ្រនំរបស់ផលិតកម្ម «បារមី» ដែលមានសមាជិក ២ រូបគឺលោក Norith និង លោក Juvie Lin។ សមាជិកទាំង ២ រូបមិនត្រឹមតែមានសមត្ថភាពក្នុងការច្រៀងតែប៉ុណ្ណោះនោះទេ ពួកគេថែមទាំងមានទេពកោសល្យខ្ពស់ក្នុងការនិពន្ធទំនុកច្រៀង និង ការរាំផងដែរ។

យ៉ាងណាមិញ កាលពីល្ងាចថ្ងៃទី ២៥ ខែ វិចិ្ឆកា ឆ្នាំ២០២២ កន្លងទៅនេះ Polarix បានចេញចម្រៀងថ្មីមួយបទមានចំណងជើងថា «ចាប៉ី» ដែលក្នុងមួយបទនេះបានលាយឡំជាមួយនឹងឧបករណ៍តន្រ្តីបុរាណខ្មែរដូចជា ខ្លុយ ចាប៉ី និង រនាថ បានច្របាច់រួមបញ្ចូលគ្នាជាមួយនឹងឧបករណ៍តន្រ្តីសម័យជាច្រើន ដែលធ្វើឱ្យអ្នកស្ដាប់ព្រឺសម្បុរ និង ពេញចិត្តជាមួយនឹងបទមួយនេះយ៉ាងខ្លាំង។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ រាល់ឧបករណ៍តន្រ្តីបុរាណខ្មែរទាំងអស់ គឺលេងដោយលោក វណ្ណថាន ផ្ទាល់តែម្ដង។ មិនតែប៉ុណ្ណោះ យោងតាមគណនីផ្ទាល់ខ្លួនរបស់លោក Norith លោកបានបន្ថែមដែរថា បទមួយនេះ ពួកគេព្រមទាំងក្រុមការងារផ្សេងទៀត បានរៀបចំតាំងពី ៣ ឆ្នាំមុនមកម្ល៉េះ ដែលបញ្ជាក់ថា មួយបទនេះ ពិតជាមានការត្រៀមជាពិសេសតែម្ដង ទាំងអត្ថន័យ និង បែបផែននៃបទចម្រៀង។

គួរឱ្យដឹងផងដែរថា ក្រុមចម្រៀង Polarix ក៏ធ្លាប់បានច្រៀង និង សម្ដែងរួមគ្នាជាច្រើនដងផងដែរជាមួយ​នឹងលោក វណ្ណដា កញ្ញា ឡូរ៉ា ម៉ម ក្រុមចម្រៀង ក្មេងខ្មែរ និង ក្រុមចម្រៀង Hip-Hop La Cima Cartel៕

ចុចខាងក្រោម ដើម្បីទស្សនា និង ស្ដាប់បទចម្រៀង «ចាប៉ី» របស់ Polarix ៖

Related posts

Leave a Comment