ដូចដែលប្រិយមិត្តអ្នកគាំទ្របានដឹងហើយ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ CL ដែលជាអតីតមេក្រុម 2NE1 បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការប្រគំតន្រ្តីដ៏ធំរបស់កម្មវិធី «Vattanac វ All In Festival» នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅឯបរិវេណ OCIC ជ្រោយចង្វារ។
យ៉ាងណាមិញ បន្ទាប់ការប្រគំតន្រ្តីបានបញ្ចប់ទៅដោយជោគជ័យ និង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមអ្នកគាំទ្ររបស់កំពូលតារាចម្រៀង K-Pop រូបនេះ ឃើញថារហូតមកដល់ថ្ងៃទី ២៧ ខែវិច្ឆិកា បើតាមការបង្ហោះនៅក្នុង Story Instagram ផ្ទាល់របស់ CL បានឱ្យដឹងថា តារាស្រីរូបនេះមិនទាន់បានត្រឡប់ទៅប្រទេសកូរ៉េវិញភ្លាមៗនោះទេ ក្រោយពីបញ្ចប់ការប្រគំតន្រ្តីរបស់នាង ដោយនាងបានទៅទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្រ្ត «វត្តភ្នំ» ដែលជាបេះដូងនៃទីក្រុងភ្នំពេញ និង ជាសំណង់សាសនាដែលមានកម្ពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ ដែលស្ថាបនាឡើងនៅឆ្នាំ១៣៧៣។
ជាហេតុធ្វើឱ្យក្រុមអ្នកគាំទ្រកម្ពុជា បានសម្តែងក្តីរំភើបចិត្តយ៉ាងខ្លាំង ចំពោះ CL ដោយតារាស្រីរូបនេះបានបង្ហាញអំពីការស្រឡាញ់ដ៏កក់ក្តៅ និង ពេញចិត្តជាខ្លាំងសម្រាប់ប្រទេសកម្ពុជា៕