កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ក្នុងកម្មវិធីបិទបញ្ចប់កីឡាជាតិលើកទី ៣ មហាជនបានទស្សនាមកហើយនូវផ្ទាំងទស្សនីយភាពនៃការសម្តែងស្ទើរគ្រប់ទម្រង់របស់សិល្បករ សិល្បការិនី ជាច្រើនមកហើយ។
ក្នុងនោះ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ក៏មានវត្តមានក្នុងការសម្តែងក្នុងកម្មវិធីថ្នាក់ជាតិខាងលើ និង ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដូចទៅនឹងសិល្បករ សិល្បការិនីដទៃទៀតផងដែរ។
រំលងផុត ២ ថ្ងៃ នៃការសម្តែងលើលានស្មៅដ៏ធំនៃពហុកីឡាដ្ឋានជាតិមរតកតេជោ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២ នេះថា៖ «នាងខ្ញុំ ឱក សុគន្ធកញ្ញា ពិតជារំភើបចិត្តក្រៃលែង ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ ដែលបានផ្តល់កិត្តិយសដល់រូបនាងខ្ញុំ ចូលរួមក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី ៣ និង កីឡាជាតិជនពិការ លើកទី ១ ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅវិមានកីឡាដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ។ អរគុណជាពិសេស ដល់បងប្អូនក្រុមការងារ ក្នុងការរៀបចំផ្ទាំងទស្សនីយភាព និង ដៃគូសហការគ្រប់ជាន់ថ្នាក់ ដើម្បីឱ្យកម្មវិធីទៅដោយយ៉ាងរលូន និង ជោគជ័យ។ អ្វីដែលមិនអាចភ្លេចបាន អរគុណដល់ពុកម៉ែ បងប្អូនទាំងអស់គ្នា ដែលបានគ្រាំទ្រ និង ជាពិសេសនូវសំឡេងហ៊ោពោរពេញដោយកម្លាំងចិត្ត»៕