ស្ថានភាពសុខភាព និង ឆាកជីវិតរបស់តារាសម្ដែង សឿ សុធារ៉ា ពេលនេះ មិនត្រឹមតែធ្វើឱ្យអ្នកសិល្បៈដែលស្គាល់នាងអាណិតអាសូរទេ សូម្បីតែមហាជនអ្នកគាំទ្រ និង ធ្លាប់ពេញចិត្តការសម្ដែងរបស់នាងកន្លងមក ក៏ខ្លោចចិត្តអាណិតមិនតិចដែរ ព្រោះមិននឹកស្មានថា នាងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយថ្មីៗនេះគ្រូពេទ្យក៏បានរកឃើញថានាងមានជំងឺ ថៃរ៉យក្រពេញទីរ៉ូអ៊ីត ដែលបណ្ដាលមកពីប្រើប្រាស់ថ្នាំលើសកម្រិត និង មិនត្រឹមត្រូវតាមវេជ្ជបញ្ជា។
ក្រៅពីស្ពាយជំងឺប្រចាំកាយ សឿ សុធារ៉ា នៅទទួលខុសត្រូវមើលថែកូនៗប្រុសស្រីទាំង ២ របស់នាង ដែលពួកគេនៅតូចនៅឡើយ។ និយាយដល់រឿងកូន ដ្បិតថាពេលនេះ សឿ សុធារ៉ា ធ្លាក់ដល់ចំណុចសូន្យ ក៏នាងនៅតែឱបក្រសោបកូនទាំង ២ ជាប់ក្នុងទ្រូង ហើយព្យាយាមបំពេញតួនាទីជាម្ដាយជានិច្ច ព្រោះអស់ពីម្ដាយនាងទៅ កូនៗនេះហើយគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់នាងនៅពេលនេះ។
ជាការពិត ខណៈកំពុងសម្រាកលើគ្រែពេទ្យ ហើយដៃក៏កំពុងបន្តោងសេរ៉ូមផងនោះ សឿ សុធារ៉ា បានលើកដៃសំពះសប្បុរសជនទាំងអស់ដែលបានជួយដល់នាងមិនថាថវិកា ឬកម្លាំងចិត្តនោះទេ ហើយលើសពីនេះ សឿ សុធារ៉ា ក៏បានលើកឡើងថា នាងនឹងព្យាយាមក្រោកឈរឡើង ព្រោះនាងស្រឡាញ់កូនៗនាងខ្លាំងណាស់។
តួឯកស្រីក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររាម» រូបនេះ រៀបរាប់យ៉ាងមុតមាំថា ៖ «អរគុណ បងប្អូនទាំងអស់ដែលព្រួយបារម្ភ ខ្ញុំនឹងព្យាយាមក្រោកឈរឡើងវិញ ព្រោះខ្ញុំស្រឡាញ់កូនៗខ្ញុំណាស់»។ បានឃើញពាក្យសម្ដីរបស់ សឿ សុធារ៉ា ហើយ កាន់តែធ្វើឱ្យមហាជនរំជួលចិត្តសឹងទប់ទឹកភ្នែកមិនជាប់៕