រវល់ដើរធ្វើជំនួញអស់មួយខ្យល់ធំ ពេលនេះឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសវិលចូលសិល្បៈវិញហើយ

បើនិយាយពីកំពូលតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងមួយរូបប្រចាំប្រទេសកម្ពុជាលោក ខេមរៈ សិរីមន្ត គិតមកដល់បច្ចុប្បន្ន តារារូបនេះគឺជាសិល្បកររៀមច្បងដែលទទួលបានភាគជោគជ័យធំមួយរូបលើអាជីពចម្រៀង។

ទន្ទឹមនឹងមានកេរ្ដិ៍ល្បីសុសសាយនៅគ្រប់ស្រទាប់មហាជនហើយនោះ មួយរយៈចុងក្រោយនេះ ខេមរៈ សិរីមន្ត ក៏បានបោះជំហានទៅលើវិស័យជំនួញផ្នែកអចលទ្រព្យ រហូតកាលពីដើមឆ្នាំ ២០២២ កន្លងទៅ ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់គោរពងារជាឧកញ៉ា។

យ៉ាងណាមិញ ក្នុងរយៈពេលដែលឧកញ៉ា ខេមរៈ សិរីមន្ត កំពុងតែប្រឡូកក្នុងវិស័យជំនួញយ៉ាងជោគជ័យនេះ គេពុំសូវបានឃើញលោកឧកញ៉ាបង្ហាញវត្តមានក្នុងវិស័យសិល្បៈដូចពីមុនឡើយ ដែលខកខានទាំងការបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ និង ចូលរួមកម្មពិធីប្រគំតន្រ្តីផ្សេងៗ ដោយលោកឧកញ៉ាតែងបង្ហាញការមមាញឹមនឹងមុខជំនួញខ្លាំង។

ដោយឡែក ស្រាប់តែថ្មីៗនេះ ក៏បានឃើញកំពូលតារាចម្រៀងដែលមានគោរពងារជាឧកញ៉ារូបនេះ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកផេកឱ្យដឹងថា ពេលនេះលោកវិលចូលវិស័យចម្រៀងយ៉ាងពេញទំហឹងវិញហើយ ដែលលោកប្រកាសទទួលការងារឡើងកម្មពិធីប្រគំតន្រ្តីផ្សេងៗដូចមុនវិញផងដែរ។

ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់ថា ៖ «ខ្ញុំបាទបានត្រលប់មកចូលរួមការប្រគំតន្ត្រីឱ្យសកម្មដូចមុនវិញហើយបងប្អូន អ្នកកំពង់សោមចាំទទួលផងបាទនៅ​​ TAXi PUB ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2022 នេះ ហើយចង់បានបទអីកុម្ម៉ង់ឱ្យហើយណាបាទ»៕

Related posts