Ken ដាច់ចិត្តទុកសង្សារចោល ហើយហោះ​ទៅបន្ត​ការ​សិក្សានៅ​អង់គ្លេស​តែ​​ឯង

ជឿថាប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាពុំខានតារាសម្ដែងប្រុសរូបសង្ហាលោក Ken Phupoom ដែលជាតារាប្រុសម្នាក់មានសមត្ថភាពសម្ដែងល្អ និង មានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅស្រុក។ បច្ចុប្បន្នតារាប្រុសរូបនេះកំពុងតែមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងតារាស្រី Esther ដែលជារឿយៗពួកគេតែងតែបង្ហាញពីភាពផ្អែមល្ហែមលើបណ្ដាញសង្គមពុំសូវជាដាច់នោះទេ រហូតធ្វើឱ្យមហាជនទន្ទឹងរង់ចាំតែថ្ងៃរៀបការតែប៉ុណ្ណោះ។

និយាយពីតារាប្រុស Ken ពេលនេះលោកបានចាកចេញពីស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ ហើយ ដោយត្រឡប់ទៅធ្វើជាតារាសម្ដែងឯករាជ្យវិញ។ ដ្បិតជាមនុស្សម្នាក់ដែលចូលចិត្តលើវិស័យសិល្បៈក៏ពិតមែន តែអ្នកកំលោះ Ken នៅមិនបោះបង់ការសិក្សាដែរ។ ថ្មីៗនេះ គេឃើញថា តារាប្រុស Ken បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅប្រទេសអង់គ្លេស។

ទន្ទឹមនឹងការចាកចេញទៅក្រៅប្រទេសនេះដែរ អ្នកកំលោះ Ken ធ្វើដំណើរទៅតែម្នាក់ឯងប៉ុណ្ណោះ ចំណែកសង្សារបស់លោក នាង Esther នៅធ្វើការក្នុងប្រទេសថៃជាធម្មតា។ បើនិយាយពីពេលវេលាវិលត្រឡប់ទៅប្រទេសកំណើតវិញតារាប្រុសរូបនេះក៏ពុំទាន់បង្ហើបដែរថាខ្លួនត្រឡប់ទៅពេលណានោះឡើយ តែខណៈនេះគេឃើញថា Ken កំពុងតែមានក្ដីសុខខ្លាំង អំឡុងពេលនៅប្រទេសអង់គ្លេសនេះ ព្រោះមួយថ្ងៃៗ Ken តែងបង្ហោះរូបភាពសកម្មភាពផ្សេងៗរបស់ខ្លួនលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរហូត៕

Related posts

Leave a Comment