មេដឹកនាំអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានឈរសម្រក់ទឹកភ្នែកនៅចំពោះមុខមឈូស របស់មេបញ្ជាការកងទ័ព Qassem Soleimani ខណៈអ្នកកាន់ទុក្ខរាប់សែននាក់បានប្រមូលផ្តុំគ្នាក្នុងទីក្រុងតេអេរ៉ង់សម្រាប់ថ្ងៃទី២នៃពិធីបុណ្យសពរបស់ឧត្តមសេនីយ៍រូបនេះ។
ថ្លែងទៅកាន់ហ្វូងមនុស្សយំសោកយ៉ាងច្រើនដែលមើលឃើញដាច់កន្ទុយភ្នែក កូនស្រីរបស់លោក Soleimani ឈ្មោះ Zeinap បានគំរាមដោយផ្ទាល់ចំពោះការវាយប្រហារទៅលើកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់។
នាងបាននិយាយថា “ក្រុមគ្រួសារបស់ទាហានអាមេរិកនៅមជ្ឈិមបូព៌ាសូមរង់ចាំមើលការស្លាប់របស់កូនៗរបស់ពួកគេទៅ”។
ខណៈព្រមានថា “ថ្ងៃដ៏ងងឹត” នឹងកើតមាននៅសហរដ្ឋអាមេរិក, នាងបាននិយាយថា “Trump ដ៏ចម្កួត! កុំគិតថាអ្វីៗទាំងអស់ត្រូវបញ្ចប់ជាមួយនឹងមរណភាពរបស់ឪពុកខ្ញុំឲ្យសោះ”។
គួររម្លឹកថា លោក Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅជិតអាកាសយានដ្ឋានទីក្រុងបាកដាដកាលពីថ្ងៃសុក្រដែលធ្វើឲ្យសាធារណៈរដ្ឋឥស្លាមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបណ្តាលឲ្យភាពតានតឹងកើនឡើងខ្ពស់ក្នុងតំបន់មជ្ឈឹមបូព៌ា៕