កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយអ្នកស្រី ទ្រី ដាណា បានគ្រងឈុតកូនក្រមុំ ហើយប្រាប់ថា ថតដាក់មុខរោង ដោយសារតែអ្នកនាងត្រូវភ្ជាប់ពាក្យនៅក្នុងខែធ្នូ ឆ្នាំ២០២២ ហើយត្រូវរៀបការនៅអំឡុងខែមីនា ឆ្នាំ២០២៣។
នៅក្នុងការឡាយមួយ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី មិនទាន់ដឹងច្បាស់ថា កូនកំលោះរបស់ខ្លួនជាអ្នកណានោះទេ ខ្លាចរើសមកខុសទៀត ដឹងត្រឹមតែអ្នកស្រី សម្រេចចិត្តចូលរោងការក្នុងអំឡុងឆ្នាំ២០២៣ហើយ។
នៅក្នុងការភ្ជាប់ពាក្យ ចុងខែធ្នូនេះ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា អ្នកស្រី មិនទាន់បង្ហាញមុខកូនកំលោះនៅឡើយទេ ដោយចាំបង្ហាញថ្ងៃរៀបមង្គលការ ព្រោះភ្ជាប់ពាក្យហើយ ក៏មិនប្រាកដថា យើងនឹងអាចឈានទៅរកថ្ងៃមង្គលការនោះដែរ។
ទោះអ្នកស្រី ទ្រី ដាណា មិនបានបញ្ជាក់ថា កូនកំលោះជាអ្នកណាក៏ពិតមែន តែអ្នកគាំទ្ររបស់អ្នកស្រី ធ្វើការរំពឹងទុកមុនហើយថា កូនកំលោះនោះច្បាស់ថា ជាលោក សេង មង្គល ដោយសារតែមួយរយៈចុងក្រោយនេះ ពួកគេតែងតែបង្ហាញវត្តមានជាមួយគ្នា ហើយលែបខាយដូចជាគូសង្សារអញ្ចឹង។
ស្របពេលអ្នកគាំទ្រកំពុងមានការរំពឹងទុកខ្ពស់នោះ ស្រាប់តែ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គេឃើញរូបថតប៉ុន្មានសន្លឹក ដែលលោកជំទាវ ហ៊ុន ស៊ីណាត បង្ហោះនៅលើបណ្ដាញសង្គមទីកតុក ចេញពីផ្ទះអ្នកស្រី ទ្រី ដាណា ត្រូវបានអ្នកលេងបណ្ដាញសង្គមគិតថា ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ភ្ជាប់ពាក្យស្ងាត់ៗ ជាមួយបុរសង្ហាម្នាក់ តែមិនមែនជាលោក សេង មង្គលនោះឡើយ។
ទោះយ៉ាងណា នៅក្នុងការឡាយមួយ នៅថ្ងៃដដែលនោះ អ្នកគាំទ្រ បានសួរអ្នកស្រី ទ្រី ដាណា ថា «ចែថ្ងៃហ្នឹងភ្ជាប់ពាក្យមែន» ស្រាប់តែអ្នកស្រី ទ្រី ដាណា បញ្ជាក់ថា អត់មានភ្ជាប់ពាក្យទេ។ ក្រោយមក ពេលគេសួរថា «ចែមានគូដណ្ដឹងហើយនៅចុះ» អ្នកស្រី ក៏ឆ្លើយថា អត់ប្រាប់៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖