ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា អ្នកនាង ដេត ម៉ាលីណា បានប្រកាសលែងលះជាមួយលោកឌួង ឆាយ ជាផ្លូវការ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ ចំណងស្នេហ៍ពួកគេ មុនលែងលះ បន្សល់ទុកកូន៣នាក់។
កូនប្រុសស្រីទាំង៣នាក់ ដោយបច្ចុប្បន្ន កំពុងរស់នៅជាមួយអ្នកនាង ដេត ម៉ាលីណា ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល ហៅឌុប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
រហូតមកដល់ពេលនេះ អ្នកនាង ដេត ម៉ាលីណា បានរស់នៅជាស្ត្រីមេម៉ាយ ឬអាចហៅថាជាអ្នកម្ដាយSingle អស់រយៈពេលជាង១ឆ្នាំហើយ ដោយមិនទាន់ប្រកាសថាបានរកឃើញម្ចាស់បេះដូងនៅឡើយទេ។
ម្យ៉ាង អ្នកស្រីធ្លាប់បញ្ជាក់ពីជម្រើសល្អបំផុតក្នុងការរស់នៅSingleថា «មនុស្សស្រីអាចទ្រាំនឹងការលំបាកបាន ប៉ុន្តែនាងមិនអាចទ្រាំស្លៀកខោអាវដដែលៗបានទេ រើសរើសមនុស្សត្រឹមត្រូវមួយជីវិតអ្នកនឹងក្លាយជាព្រះនាង Single the best»។
ចំណែក អតីតស្វាមីរបស់អ្នកនាង គឺលោក ឌួង ឆាយ បានរកឃើញម្ចាស់បេះដូងហើយ ហើយបានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បង្កឲ្យមានការចាប់អារម្មណ៍ និងចូលរួមអបអរសាទរព្រោងព្រាត ពីសំណាក់អ្នកគាំទ្រនោះ។
ស្របពេលរឿងអតីតស្វាមី ក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនោះ, អ្នកនាង មិនខ្វល់នោះឡើយ ដោយអ្នកនាង ផ្ដោតសំខាន់តែទៅលើការខិតខំរកលុយដើម្បីកូនៗរបស់ខ្លួនប៉ុណ្ណោះ។ ចំណុចនេះ ក៏អ្នកនាង ធ្លាប់លើកឡើងជារឿយៗផងដែរ គឺគ្រប់យ៉ាងដើម្បីកូនៗ តស៊ូដើម្បីកូនៗរបស់ខ្លួន។
ជាក់ស្ដែង នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ អ្នកនាង បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយលើកឡើងថា «កូនប្រុសម៉ាក់ចេះណាស់ខលមកថាកូនគូរអោយម៉ាក់ស្រលាញ់ម៉ាក់ខ្លាំងចេះណាស់រាល់ថ្ងៃប្រឹងរៀនណាស់ មកពីធ្វើការហត់ កូនប្រុសសួរម៉ាក់ហត់អត់ថ្ងៃនេះធ្វើការម៉ាក់ កូនប្រុសចេះនោះចេះ ម៉ាក់ចង់និយាយថា អត់ហត់ផងធ្វើការងាររកលុយដើម្បីចិញ្ចឹមកូនៗសប្បាយចិត្ត Duong Manavid»។
និយាយដល់រឿងកូននេះ លោក ឌួង ឆាយ ក៏ស្រឡាញ់មិនចាញ់អ្នកនាង ដេត ម៉ាលីណា នោះដែរ ដោយពួកគេ តែងតែមានបញ្ហាជាមួយគ្នាព្រោះតែការស្រឡាញ់កូនខ្លាំងដូចគ្នានោះ។ លោក ឌួង ឆាយ តែងតែនាំកូនដើរលេងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ក្នុងនោះកូនច្បង ដែលមានបញ្ហាសុខភាព លោក មានការយកចិត្តទុកដាក់ជាងគេ។ ទោះយ៉ាងណា ពេលនេះ លោកភ្ជាប់ពាក្យហើយ តែការស្រលាញ់កូនៗមិនប្រែនោះទេ៕