ភ្លឺ​ភ្នែក! ក្រោយ​ ​ពន្លះ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នេះ​អស់ចិត្តអស់ចង់, អ្នកស្រី ទ្រី ដាណា បង្ហាញ​បន្ទប់​លំដាប់​ផ្កាយ​៥​ ហើយ​ប្រាប់​ថា….(មាន​វីដេអូ)

ក្រោយ​ពី​នាំ​កូនៗ​ទៅ​លេង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឱកាស​ឆ្លងឆ្នាំ​កន្លងទៅ​នេះ តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍​មួយ ហើយ​ទទួល​បាន​ការ​ខកចិត្តជា​ទម្ងន់នោះ, អ្នកស្រី ទ្រី ដាណា បាន​បង្ហោះសារជាបន្តបន្ទាប់ពាក់ព័ន្ធរឿងនេះ។

ជាក់ស្ដែង កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា ​​បានទម្លាយឈ្មោះក្រុមហ៊ុន, ​មុខម្ហូប និងបន្ទប់ ដែលក្រុមហ៊ុនទេសចរណ៍នោះ រៀបចំសម្រាប់គ្រួសារអ្នកស្រី អមដោយសាររៀបរាប់ថា «នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។

ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។ នៅពេលទំនាក់ទំនងទៅសួរព័ត៍មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៍ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។

នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ?
ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃសំបុត្រទស្សនាផ្សេងៗ ដែលខ្ញុំត្រូវចេញដោយខ្លួនឯងអស់ខ្ទង់ពាន់ដុល្លារទៀត។

ខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។ នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ។

ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។ ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់! ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!»។

ដោយមិនអស់ចិត្តនៅយប់ថ្ងៃដដែលនេះ អ្នកស្រី បានបង្ហោះសារទៀតថា «ខ្ញុំនឹងរកយុត្តិធម៍តាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia ដែលបានរំលោភលើសេចក្តីទុកចិត្តរបស់ខ្ញុំ ប្រើពាក្យសម្ដីគ្មានការទទួលខុសត្រូវ មើលងាយខ្ញុំ ហើយបើខ្ញុំឈ្នះក្តីនេះ ថវិកាដែលឈ្នះក្តីខ្ញុំយកចូល មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ហើយខ្ញុំនឹងបន្ថែមថវិកាពីលើនោះទៀត! ថវិកា 10760$ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់ ខ្ញុំមិនស្ដាយទេ តែស្ដាយពេលវេលា និងអាណិតកូនៗ ហើយរឹតតែមិនអាចទទួលយកបាន គឺការគ្មានទំនួលខុសត្រូវ និងមើលងាយមកលើនាងខ្ញុំ!»។

ក្រោយពីរៀបរាប់ពីរឿងខាងលើអស់ចិត្តអស់រួចមក នៅថ្ងៃទី៦ ខែមករា អ្នកស្រី បានបង្ហាញបន្ទប់លំដាប់ផ្កាយ៥ អមដោយសាររៀបរាប់ថា «រវល់​មិន​ទាន់​បានឡាយ សុំ​ផុសវីដេអូបន្ទប់​ ដែលគេថា លំដាប់ផ្កាយ5ផ្កាយ4 និងបន្ទប់នៅខ្មែរ អោយបងប្អូនមើលតិច ថ្ងៃក្រោយកុំអោយចាញ់បោកគេ​ទៀត​សម្រាប់​អ្នក​មិន​ធ្លាប់គេងបន្ទប់ផ្កាយ
អ្វីដែលសោកស្ដាយបំផុតនោះគឺថាក្រុមហ៊ុនធួរ 2World Travel Cambodia បាននិយាយថា គេរៀបតាមអ្វីដែលខ្ញុំចង់បាន ញាក់សាច់សាហាវណាស់!
អ្វីដែលសំខាន់បានប្រាប់ហើយថា ចំពោះលុយមិនអីទេប៉ុន្មានក៏បាន»។

រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានការបកស្រាយពីក្រុមហ៊ុន​ទេសចរណ៍ 2World Travel Cambodiaនៅឡើយ។ តែកាលពីយប់ម្សិលមិញ ទំព័រហ្វេសប៊ុកក្រុមហ៊ុនមួយនេះ បានបង្ហោះសារថា «រឿងខ្លះស្តាប់តែម្ខាងកុំទាន់វិនិច្ឆ័យ រង់ចាំការបកស្រាយភាគីម្ខាងទៀតសិន»៕

Related posts

Leave a Comment