ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក សុវណ្ណ រិទ្ធី កាលពីមុនឧស្សាហ៍ផ្សាយរឿងគ្រួសារគេខ្លាំងណាស់។ តែតាំងពីលោក ចាប់អាជីពជាអ្នកសារព័ត៌មានជាថ្មី ហើយឆ្លងកាត់បទពិសោធន៍រឿងគ្រួសារខ្លួនឯងមក លោកក៏ឈប់ផ្សាយពាក់ព័ន្ធនឹងជម្លោះក្នុងគ្រួសារគេទៀត។
ជាក់ស្ដែង នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ លោកបានបង្ហោះសារ សន្យានឹងខ្លួនឯងពាក់ព័ន្ធរឿងនេះថា «ខ្ញុំបានសន្យាជាមួយខ្លួនឯងរួចហើយ មិនផ្សាយរឿងគ្រួសាររបស់គេដាច់ខាត! ព្រោះខ្ញុំក៏បានឆ្លងកាត់ជីវិតរឿងគ្រួសារមួយនេះរួចហើយ!
ពេលខ្លះគ្រួសារគេឈ្លោះគ្នា ថ្ងៃមុខអាចដោះស្រាយត្រូវគ្នាវិញបាន! តែដោយសារការចង់ឈ្នះមួយពេលហៅអ្នកការសែតអោយផ្សាយមួយពេល ទើបបែកគ្នាមួយជីវិត! អ្នកឈ្នះជាប្តី អ្នកឈ្នះជាប្រពន្ធ តែអ្នកចាញ់គឺកូនៗ ត្រូវចាំ កុំយកអារម្មណ៍ចង់ឈ្នះចាញ់មួយពេលដើម្បីឲ្យកូនមើលឃើញពីរឿងខ្លោចផ្សារទាំងនេះ!»។
ដោយឃើញបែបនេះ នៅយប់ថ្ងៃដដែល, ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្ក្រីនសតផុសនេះ យកទៅបង្ហោះបន្ត រួចពោលពាក្យថា «សុវណ្ណ រិទ្ធី ចាប់យល់ការងារឆ្លងបទពិសោធន៍ផ្ទាល់! ពេលខ្លះទាល់តែធ្លាក់ក្នុងទឹកបានចេះហែល! សូមស្វាគមន៍ក្នុងក្រុមគ្រួសារព័ត៌មាន!»។
តាមរយៈនេះ មិនត្រឹមតែ ឯកឧត្តម ខៀវ កាញារីទ្ធ ពេញចិត្តនោះទេ សូម្បីតែអ្នកលេងបណ្ដាញសង្គម បាននាំគ្នាចូលខំមិនគាំទ្រព្រោងព្រាត ក្នុងនោះ ពួកគេ បានលើកឡើងថា «ខ្ញុំឲ្យមេដៃមួយ ក្មួយរិទ្ធីនិយាយត្រូវមួយរយភាគរយ អ្នករងគ្រោះ គឺក្មេង, ត្រឹមត្រូវ ពេលដែលប្ដីប្រពន្ធឈ្លោះគ្នា ជនរងគ្រោះគឺកូន បងក៏ធ្លាប់ឆ្លងកាត់ដែរ»៕