សង្ឃឹមថាឈ្នះពានចុះម្ដងនេះ! The Voice Cambodiaរដូវកាលទី៣ ជិតចាប់ផ្ដើម, លីន សោ​ម៉ា ពោល​ពាក្យ​ថា…

និយាយ​ដល់​ឈ្មោះ លីន សោ​ម៉ា ប្រិយមិត្ត​មួយចំនួន ច្បាស់​ជា​នឹកឃើញ​ភ្លាម ថា រូបនាង ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង «​ផ្កាយ​រះ​ក្នុង​សួន​» របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​១១ ដោយ​នៅពេលនោះ នាង​ទទួល​បាន​ជ័យលាភី​លេខ​១ ជាមួយនឹង​ទឹកប្រាក់​ចំនួន​៨​លាន​រៀល​។​

នៅពេលនោះ លីន សោ​ម៉ា ស្ថិតក្នុង​វ័យ​កុមារភាព​នៅឡើយ ជាមួយ​រូបរាង​ឡើង​តូច​ច្រឡឹង សំឡេង​ផ្អែម ធ្ងន់ ពីរោះ រណ្ដំ ធ្វើ​ឲ្យ​គ្រប់គ្នា ដែល​ស្ដាប់​សំឡេង​នាង​នៅ​ពេល​នោះ​ហើយ នាំគ្នា​លាន់មាត់​សរសើរ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​កម្រ​មាន​មួយ​នេះ​ទៀតផង​។​

ក្រោយមក ស្ថិតក្នុង​វ័យ​ជំទង់ អាយុ​១៦​ឆ្នាំ លីន សោ​ម៉ា ក៏​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol​រដូវ​កាល​ទី​៣​ក្នុង​ឆ្នាំ​២០១៧ ដោយនៅ​វគ្គ​Judge Audition នាង​លើក​យក​បទ «​មេឃ​កំពុង​ភ្លៀង​ហើយ​» យកមក​បកស្រាយ ធ្វើ​ឲ្យ​គណៈកម្មការ​សរសើរ​មិន​ដាច់​ពី​មាត់​ទៀត​ផង។

ទោះ​សមត្ថភាព​លីន សោ​ម៉ា ខ្លាំង​ប៉ុណ្ណា ក៏​នាង​នៅតែ​មិន​អាច​ប្រជែង​ជាមួយ​បេក្ខជន បេ​ក្ខ​នារី​ដទៃ​ទៀត​បាន​នោះ​ទេ ធ្វើ​ឲ្យ​រូបនាង​ត្រូវ​ធ្លាក់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ក្រោយមក លីន សោម៉ា បានចូលរួមប្រឡង​នៅក្នុងកម្មវិធីThe Mask Singer Cambodiaរដូវកាលទី១ ហើយជា​លទ្ធផល​ ទោះបានត្រឹមTop 2 ក៏សំឡេងដ៏​ក្រអួន ក្រអៅ​របស់នាង នៅតែដក់ជាប់ក្នុងក្រអៅបេះដូងអ្នកគាំទ្រ ដដែល។

ដោយឡែកថ្មីៗនេះ ស្របពេលកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់​ពិភពលោក The Voice Cambodiaរដូវកាលទី៣ ប្រកាសជិតចាប់ផ្ដើម តាមរយៈការបង្ហោះសារ «មកដល់ឆាប់ៗនេះ» នោះ ស្រាប់តែ តារាចម្រៀង លីន សោម៉ា បានចូលទៅខំមិនក្រោមផុសនោះជាភាសាអង់គ្លេសថា Can’t wait ដែលមានន័យជាភាសាខ្មែរថា «មិនអាចរង់ចាំបាន»។

តាមរយៈខំមិនយ៉ាងខ្លីនេះ ត្រូវបានគេគិតថា លីន សោ​ម៉ា នឹងដាក់ពាក្យចូលរួមប្រឡងក្នុងកម្មវិធីនេះ ខណៈអ្នកគាំទ្រជាច្រើននាក់ ក៏កំពុងទន្ទឹងរង់ចាំវត្តមានរបស់នាង ដើម្បីដណ្ដើម​ពាន​ផ្នែក​សិល្បៈ​ដ៏​មាន​សក្ដានុពល​មួយនេះនោះ៕

Related posts

Leave a Comment