ក្រោយពីនាំកូនៗទៅលេងក្រៅប្រទេសក្នុងឱកាសឆ្លងឆ្នាំ កន្លងទៅនេះ តាមរយៈក្រុមហ៊ុនទេសចរណ៍មួយ ហើយទទួលបានការខកចិត្តជាទម្ងន់នោះ, អ្នកស្រី ទ្រី ដាណា បានបង្ហោះសារជាបន្តបន្ទាប់ពាក់ព័ន្ធរឿងនេះ។
ភ្លាមៗនោះ គេមិនឃើញក្រុមហ៊ុនទេសចរណ៍ 2WORLD TRAVEL CAMBODIA ឆ្លើយតបបែបណាលើយ។ តែនៅពេលនេះ ក្រុមហ៊ុនបាន ចេញបំភ្លឺយ៉ាងលម្អិត ដោយមានខ្លឹមសារថា «ក្រុមហ៊ុន 2World Travel (Cambodia) សូមបំភ្លឺដល់សាធារណជន ជាពិសេសរូប លោកស្រី ទី ដាណា ផ្ទាល់តែម្ដង មេត្តាជ្រាបថា ដំបូង ក្រុមហ៊ុន 2World Travel (Cambodia) សូមសម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់លោកស្រី ទ្រី ដាណា គឺក្រុមហ៊ុនបានព្យាយាមសុំជួបលោកស្រី ទ្រី ដាណា ដោយបានដាក់លិខិតជាផ្លូវការផងដែរ ដើម្បីបានជួបផ្ទាល់ជជែកគ្នាផ្ទាល់, ហើយថា បើរកឃើញមានកំហុសឆ្គងត្រង់ណាមែន គឺក្រុមហ៊ុនសូមការអភ័យទោសផង និងអាចបង្ហាញអំពីការយល់ច្រឡំដែលអាចកើតឡើងជាយថាហេតុផង, ប៉ុន្តែខាងលោកស្រី ទ្រីដាណា ច្រានចោល និងបែរជាថា ខាងក្រុមហ៊ុនជាអ្នកដាក់កំហិតទៅវិញ, ការសុំជួបជាមួយ លោកស្រី ទ្រី ដាណា នៅវេលាម៉ោង២:០០រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ គឺមិនមែនជាការដាក់កំហិតរបស់ក្រុមហ៊ុននោះទេ ពោលគឺ ជាការបើកទ្វារការងារថ្ងៃថ្មី បន្ទាប់ពីថ្ងៃសៅរ៍-អាទិត្យ ជាថ្ងៃឈប់សម្រាក ពិសេសម្នាក់ៗ ហត់នឿយបន្ទាប់ពីរវល់ក្នុងពិធីបុណ្យរំលឹកខួប ទី៤៤ នៃទិវាជ័យជំនះ ៧ មករា , ដូច្នេះ ថ្ងៃចន្ទ ទី៩ មករា ការជួបគ្នា គឺជារឿងសមស្របណាស់, ប៉ុន្តែប្រសិនបើ លោកស្រី ទ្រី ដាណា ជាប់រវល់វិញ គឺលោកស្រីអាចកំណត់ថ្ងៃបាន។
ក្រុមហ៊ុន 2World Travel (Cambodia) សម្ដែងការសោកស្ដាយមួយទៀតត្រង់ថា លោកស្រី ទ្រី ដាណា មិនមែនត្រឹមតែជាការលាតត្រដាងរឿងរ៉ាវរបស់លោកស្រីក្នុងការធ្វើដំណើរកម្សាន្តម៉ាឡេស៊ី-សិង្ហបុរី ប៉ុណ្ណោះនោះទេ តែគឺជាការបរិហារកេរ្ដិ៍មកលើក្រុមហ៊ុនជាសាធារណៈទៅវិញ ព្រោះលោកស្រីបានឡាយលើទំព័រហ្វេសប៊ុកជាសាធារណៈ, ហើយបានកំណត់ឱសានវាទក្នុងការប្ដឹងក្រុមហ៊ុន 2World Travel (Cambodia) ទៅតុលាការថែមទៀត តើវាធ្វើឱ្យប៉ះពាល់ដល់លំហូរ និងទំនុកចិត្តភ្ញៀវទេសចររបស់ក្រុមហ៊ុនយ៉ាងដូចម្ដេចខ្លះទៅ?! លោកស្រីគួរតែអត់ធ្មត់ទ្រាំរង់ចាំជួបគ្នា ជជែកគ្នា រកមើលភាពយល់ច្រឡំរវាងគ្នានិងគ្នា នៅថ្ងៃចន្ទទី៩ ខែមករា ឆ្នាំ២០២៣ គឺជារឿងត្រឹមត្រូវល្អ, ព្រោះលោកស្រីក៏រវល់ការងារថ្ងៃសៅរ៍-អាទិត្យ រីឯក្រុមហ៊ុនក៏រវល់ការងារថ្ងៃសៅរ៍-អាទិត្យដែរ គឺចុះការងារមូលដ្ឋានផង និងរវល់ក្នុងការចូលរួមពិធីរំលឹកខួប ទី៤៤ នៃទិវាជ័យជំនះ ៧ មករា ផង, ដូច្នេះ គួរប្រើចិត្តមេត្តាជជែកគ្នាឱ្យយល់ចិត្តគ្នា ជាជាងយកឈ្នះយកចាញ់គ្នានាំឱ្យខាតប្រយោជន៍ និងបង្កឱ្យទៅជាការឈឺចាប់។
ជាការពិតណាស់ អតិថិជន ឬភ្ញៀវ គឺជាស្ដេច ចំណែកអ្នកលក់ គឺជាអ្នកបម្រើ, ក្រុមហ៊ុន 2World Travel (Cambodia) មានទីស្នាក់ការ ចុះបញ្ជីត្រឹមត្រូវ អគារលេខ ២៦៦ មហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាភ្នាក់ងារទេសចរណ៍ដែលបានបម្រើសេវាកម្មជូនអតិថិជនជាតិ និងអន្តរជាតិ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុនមានបុគ្គលិកបម្រើការប្រកបដោយបទពិសោធន៍ ជំនាញ វិជ្ជាជីវៈ និងក្រមសីលធម៌ពេញលេញដើម្បីធានាថា អតិថិជនទាំងអស់នឹងទទួលបានបទពិសោធន៍ដំណើរកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុក ប្រកបដោយសុវត្ថិភាព ភាពរីករាយ ផាសុកភាព និងការពេញចិត្ត, ដូច្នេះក្រុមហ៊ុន មានភាពចាំបាច់ត្រូវបំភ្លឺ និងពន្យល់ដល់សាធារណជន ឱ្យបានជ្រាបអំពីលក្ខខណ្ឌនៃកញ្ចប់ទេសចរណ៍ និង លីដដឺធួរ (អ្នកនាំភ្ញៀវដើរ) ដើម្បីបានជ្រាបដឹង អំពីសាច់រឿងនៃដំណើរកម្សាន្តរបស់ លោកស្រី ទ្រី ដាណា។
នៅអំឡុងខែធ្នូ (មុនថ្ងៃទី២៩ ធ្នូ ២០២២) លោកស្រី ទ្រី ដាណា បានទាក់ទងមកកាន់ក្រុមហ៊ុន 2World Travel (Cambodia) ដើម្បីឱ្យក្រុមហ៊ុនផ្ដល់កញ្ចប់សេវាកម្មទេសចរណ៍ជូនលោកស្រី និងក្រុមគ្រួសារ ដែលមានចំនួនសរុប ៨នាក់ ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី សម្រាប់រយៈពេល ៤ថ្ងៃ ៣យប់ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសទិវាឆ្លងឆ្នាំសាកល ២០២៣។ មុននឹងសម្រេចចិត្តយកសេវាកម្មទេសចរណ៍របស់ក្រុមហ៊ុន 2World Travel (Cambodia) លោកស្រី ទ្រី ដាណា បានទទួលការប្រឹក្សា និងផ្ដល់យោបល់ពីបុគ្គលិកជំនាញរបស់ក្រុមហ៊ុនចំពោះកម្មវិធីធ្វើដំណើរយ៉ាងល្អិតល្អន់។ គ្រានោះបុគ្គលិកក្រុមហ៊ុន បានផ្ដល់ជាយោបល់ជូនជាជម្រើសនៃការធ្វើដំណើរចំនួន ៣ ជម្រើស ដូចខាងក្រោម ÷
ជម្រើសទី១ : ប្រសិនបើអតិថិជនជ្រើសរើសយកការចេញដំណើរ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អតិថិជននឹងអាចកម្សាន្តនៅប្រទេសម៉ាឡេស៊ីចំនួន ២យប់ (យប់ទី១ នៅទីក្រុងកូឡាឡាំពួរ និងយប់ទី២ នៅទីក្រុងចូហូរបារូ ព្រំប្រទល់ម៉ាឡេស៊ី និងសិង្ហបុរី) បន្ទាប់មក នៅសិង្ហបុរី ១យប់ ជាពិសេសអតិថិជននឹងអាចចូលរួមខោនដោននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរីតែម្ដង។
ជម្រើសទី២ : ប្រសិនបើអតិថិជនជ្រើសរើសយកការចេញដំណើរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អតិថិជននឹងអាចកម្សាន្តនៅប្រទេសម៉ាឡេស៊ី ២យប់ (ទីក្រុងកូឡាឡាំពួរ ១យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ និងយប់ឆ្លងឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទីក្រុងចូហូរបារូ ព្រំប្រទល់ម៉ាឡេស៊ី និងសិង្ហបុរី) និងនៅប្រទេសសិង្ហបុរី ១យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
ជម្រើសទី៣ : ប្រសិនបើអតិថិជនជ្រើសរើសយកការចេញដំណើរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អតិថិជននឹងអាចកម្សាន្តនៅប្រទេសម៉ាឡេស៊ី ២យប់ (ឆ្លងឆ្នាំនៅទីក្រុងកូឡាឡាំពួរ ១យប់ និង ១យប់ទៀត នៅទីក្រុងចូហូរបារូ ព្រំប្រទល់ម៉ាឡេស៊ី និងសិង្ហបុរី) បន្ទាប់មក នៅប្រទេសសិង្ហបុរី ១យប់។
ចំពោះជម្រើសទាំង ៣នេះ លោកស្រី ទ្រី ដាណា បានជ្រើសរើសយកជម្រើសទី ២ គឺការស្នាក់នៅប្រទេសម៉ាឡេស៊ីចំនួន ២យប់ (ទីក្រុងកូឡាឡាំពួរ ១យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ និងយប់ឆ្លងឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទីក្រុងចូហូរបារូ ព្រំប្រទល់ម៉ាឡេស៊ី និងសិង្ហបុរី) និងនៅប្រទេសសិង្ហបុរី ១យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ក្នុងជម្រើសនីមួយៗ បុគ្គលិកក្រុមហ៊ុន 2World Travel (Cambodia) បានធ្វើការបញ្ជាក់អំពីជម្រើសទៅកាន់ លោកស្រី ទ្រី ដាណា ដោយបានបង្ហាញពីគោលដៅទេសចរណ៍សម្រាប់ដំណើរកម្សាន្ត ជាពិសេសក្រុមហ៊ុនបានបញ្ជាក់ជាមុនថា ប្រសិនបើលោកស្រី ជ្រើសរើសយកជម្រើសទី២ គឺការឆ្លងឆ្នាំបានត្រឹមនៅព្រំដែនម៉ាឡេស៊ី-សិង្ហបុរី ប៉ុណ្ណោះ គឺនៅទីក្រុងចូហូរបារូ ទីនេះ ពុំមែនជាគោលដៅសប្បាយអ៊ូអរនោះទេ វាគ្រាន់តែជាទីកន្លែងដែលភ្ញៀវទេសចរណ៍ត្រូវឆ្លងកាត់ពីម៉ាឡេស៊ី ទៅ សិង្ហបុរី តែប៉ុណ្ណោះ, ហើយលោកស្រីនឹងមិនអាចចូលរួមពិធីឆ្លងឆ្នាំដែលមានភាពសប្បាយ និងមានមនុស្សចូលរួមច្រើន ជាគោលដៅទេសចរណ៍ធំ ដូចនៅទីក្រុងកូឡាំពួរ (ម៉ាឡេស៊ី) និងសិង្ហបុរី នោះឡើយ។
ទោះជាយ៉ាងនេះក្ដី លោកស្រី ទ្រី ដាណា បានសម្រេចជ្រើសរើសយក ជម្រើសទី២ គឺកម្មវិធីចេញដំណើរនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលតម្រូវឱ្យសម្រាកឆ្លងឆ្នាំនៅទីក្រុងចូហូរបារូ ព្រំប្រទល់ម៉ាឡេស៊ី និងសិង្ហបុរី។ បន្ថែមពីនេះទៀត លោកស្រី ទ្រី ដាណា បានស្នើសុំមកកាន់បុគ្គលិកក្រុមហ៊ុនដោយខ្លួនលោកស្រីផ្ទាល់ថា ” សូមប្អូនជ្រើសរើសយកកន្លែងដែលស្ងាត់ៗ កុំឱ្យមានមនុស្សច្រើន ” ដូច្នេះ ក្រុមហ៊ុនក៏ធ្វើបំពេញតាមបំណងរបស់លោកស្រី ដោយយល់ និងគិតថា ជាសំណូមពររបស់លោកស្រីផ្ទាល់ ដែលត្រូវការកន្លែងស្ងប់ស្ងាត់ជាឯកជនរបស់លោកស្រី, តើនរណាទៅ អាចស្ថិតក្នុងខ្លួនលោកស្រី យល់ចិត្តលោកស្រី ហើយដឹងថា លោកស្រីចង់បានអ្វីគ្រប់កាល:ទេសៈនោះ?!
បន្ទាប់ពីទទួលបានការបញ្ជាក់របស់លោកស្រី ទ្រី ដាណា រួចមក ក្រុមហ៊ុនក៏បានរៀបចំទិញសំបុត្រយន្តហោះ កក់សណ្ឋាគារ ភោជនីយដ្ឋាន និងរៀបចំលីដដឺធួរ (អ្នកដឹកនាំដើរ) យ៉ាងប្រញាប់ប្រញាល់ ដោយសារតែការជ្រើសរើសកម្មវិធីទេសចរណ៍ ធ្វើឡើងកៀកនឹងថ្ងៃចេញដំណើររបស់លោកស្រីទៅហើយ។ ជាងនេះទៅទៀត មុននឹងដល់ថ្ងៃធ្វើដំណើររបស់ លោកស្រី ទ្រី ដាណា និងក្រុមគ្រួសារដែលមានគ្នា ៨នាក់ (មនុស្សពេញវ័យ ៦នាក់, ក្មេងៗអាយុលើសពី៥ឆ្នាំ ២នាក់) ខាងក្រុមហ៊ុនបានរៀបចំជាតារាងកម្មវិធីលម្អិតនៃការធ្វើដំណើរកម្សាន្តជូនលោកស្រី ដោយក្នុងនោះ មានបញ្ជាក់អំពីគោលដៅទេសចរណ៍ (កន្លែងដែលត្រូវទៅ) សណ្ឋាគារ ភោជនីយដ្ឋាន និងមធ្យោបាយធ្វើដំណើរ (មានពេលខ្លះជិះយន្តហោះ និងមានពេលខ្លះជិះរថយន្ត) គឺបញ្ជាក់យ៉ាងល្អិតល្អន់ ហើយក៏ទទួលបានការឯកភាពពីលោកស្រី ជាការបញ្ចប់នៃការមន្ទិលទាំងឡាយ។
ក្រឡេកមកមើល លោកស្រី ទ្រី ដាណា ដែលដាក់សម្ពាធធ្ងន់ៗទៅលើក្រុមហ៊ុន 2World Travel (Cambodia) ថា បុគ្គលិកក្រុមហ៊ុន បានរៀបចំឱ្យខ្ញុំ និងកូនៗស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេខោនដោន សប្បាយៗ…។
ត្រង់ចំណុចនេះ ដូចដែលក្រុមហ៊ុនបានជម្រាបជូនសាធារណជនពីខាងលើរួចមកហើយ គឺលោកស្រី ទ្រី ដាណា ជាអ្នកសម្រេចក្នុងការជ្រើសរើសជម្រើសទី២, ដូច្នេះ កញ្ចប់ទេសចរណ៍ ឬកម្មវិធីទេសចរណ៍ក្នុងជម្រើសនេះ តម្រូវឲ្យលោកស្រី និងក្រុមគ្រួសារ ស្នាក់នៅទីក្រុងចូហូរបារូ ព្រំប្រទល់ម៉ាឡេស៊ី និងសិង្ហបុរី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ចំនួន ១យប់, លុះស្អែក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ទើបបន្តដំណើរទៅដល់ប្រទេសសិង្ហបុរី កន្លែងទេសចរណ៍គោលដៅធំ, ពោលគឺ ក្នុងការប្រឹក្សា លោកស្រី បានប្រាប់បុគ្គលិកក្រុមហ៊ុនថា លោកស្រីត្រូវការទីកន្លែងស្ងប់ស្ងាត់ផងដែរ ដើម្បីឯកជនក្រុមគ្រួសាររបស់លោកស្រី, អីចឹង នេះគឺជាការឯកភាពរបស់ លោកស្រី និងការជ្រើសរើសយកកញ្ចប់ទេសចរណ៍ ក្នុងជម្រើសទី២។
លោកស្រី ទ្រី ដាណា បានលើកឡើងទៀតថា កញ្ចប់ទេសចរណ៍ ឬកម្មវិធីទេសចរណ៍របស់លោកស្រី និងក្រុមគ្រួសារ តម្លៃ ១០៧៦០ដុល្លារ, បើស្ដាប់ទៅ ដូចមានតម្លៃខ្ពស់ណាស់អ៊ីចឹង ប៉ុន្តែកម្មវិធីទេសចរណ៍នេះ គឺលោកស្រី ទ្រី ដាណា និងក្រុមគ្រួសារកូនៗរបស់គាត់ សរុបទៅ មានចំនួន ៨នាក់, បើគិតក្នុងម្នាក់ៗ មានតម្លៃត្រឹមតែ ១.៣៤៥ដុល្លារ ប៉ុណ្ណោះ ហើយពួកគេអាចធ្វើដំណើរកម្សាន្ត ៤ថ្ងៃ ៣យប់ នៅឯក្រៅប្រទេសឯណោះ តាមជើងយន្តហោះ និងរថយន្ត ទៅកាន់គោលដៅទេសចរណ៍ច្រើនកន្លែង គឺ ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ញ៉ាំអាហារនៅភោជនីយដ្ឋានល្អៗ នៅម៉ាឡេស៊ី ២យប់ ( រួមមាន ទីក្រុងកូឡាឡាំពួរ ១យប់ នៃថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ និងយប់ឆ្លងឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងចូលហូរបារូ ព្រំប្រទល់ម៉ាឡេស៊ី និងសិង្ហបុរី) និងនៅប្រទេសសិង្ហបុរី ១យប់ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៣, តើតម្លៃនេះ វាច្រើនណាស់ទៅឬ?!
តម្លៃទេសចរណ៍ ១០៧៦០ដុល្លារ ដែលបានពីដំណើរកម្សាន្តរបស់ លោកស្រី ទ្រី ដាណា មានគ្នាសរុប ៨នាក់ គឺត្រូវបានក្រុមហ៊ុនចំណាយលើសំបុត្រយន្តហោះ, កក់សណ្ឋាគារលំដាប់ផ្កាយ៤, ភោជនីយដ្ឋាន, រថយន្តដឹកជញ្ជូន លីដដឺធួរ (អ្នកដឹកនាំដើរ) និងចំណាយទៅលើកិច្ចការផ្សេងៗ គឺក្រុមហ៊ុនសល់ប្រាក់ចំណេញតិចតួចណាស់ នេះជាកញ្ចប់ទេសចរណ៍ ឬហៅថា ដំណើរកម្សាន្តតាមធួរ… តើក្រុមហ៊ុនបោកប្រាស់ និងរំលោភទំនុកចិត្តដូចម្ដេចទៅ?! ខ្លួនយើងបានទៅដល់គោលដៅតាមការកំណត់រួចហើយ ទីកន្លែងកម្សាន្តបានទៅដល់រួចហើយ, សណ្ឋាគារលំដាប់ផ្កាយ៤ បានស្នាក់នៅរួចហើយ, អាហារបានហូបនៅភោជនីយដ្ឋានល្អៗរួចហើយ… ចំណែកបញ្ហាខ្លះៗ វាអាចកើតមានជាយថាហេតុចៀសមិនផុត, តើក្រុមហ៊ុនបោកប្រាស់ និងរំលោភទំនុកចិត្តដូចម្ដេចទៅ?!
សម្រាប់ការទាមទាររបស់ លោកស្រី ទ្រី ដាណា នូវទឹកប្រាក់ថ្លៃកម្មវិធីទេសចរណ៍ ១០៧៦០ដុល្លារ ពីក្រុមហ៊ុន 2World Travel (Cambodia) បង្វិលទៅធ្វើជាជំនួយសប្បុរសធម៌នៅមន្ទីរពេទ្យគន្ធបុប្ផានោះ, មើលមួយភ្លែតទៅ វាហាក់ដូចជាសប្បុរសធម៌មែន ប៉ុន្តែបើពិនិត្យឱ្យស៊ីជម្រៅទៅ វាគឺជាល្បិចដើម្បីយកឈ្នះភាគីម្ខាងទៀតតែប៉ុណ្ណោះ, មួយវិញទៀត សប្បុរសធម៌បែបនេះ គឺពិតជាធ្វើឱ្យមនុស្សច្រើននាក់ឈឺចាប់ ព្រោះថា បា្រក់ ១០៧៦០ដុល្លារនោះ ក្រុមហ៊ុន 2World Travel (Cambodia) បានចំណាយទៅលើ សំបុត្រយន្តហោះ, កក់សណ្ឋាគារលំដាប់ផ្កាយ៤, ភោជនីយដ្ឋាន, រថយន្តដឹកជញ្ជូន លីដដឺធួរ (អ្នកដឹកនាំដើរ) និងចំណាយទៅលើកិច្ចការផ្សេងៗ ដែលខ្លួនលោកស្រី ទ្រី ដាណា និងក្រុមគ្រួសារកូនៗរបស់គាត់ បានទទួលរួចរាល់អស់ហើយ, តើត្រូវទៅទាមទារយកលុយពីម្ចាស់អាជីវកម្មទាំងនោះវិញ មែនទេ? តើសប្បុរសធម៌បែបនេះ អាចថា ជាការធ្វើឱ្យភាគីពាក់ព័ន្ធជាច្រើនខាងលើ ឈឺចាប់ដែរទេ?!»។
ក្រោយពីក្រុមហ៊ុនខាងលើបំភ្លឺរួចមក នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតថ្ងៃឆ្លងឆ្នាំ ហើយរៀបរាប់ទាំងទឹកភ្នែកថា «បើកមើលរូបថតកូននៅព្រំដែនម៉ាឡេស៊ីស្រក់ទឹកភ្នែក បងប្អូនដឹងទេយប់ថ្ងៃទី31 វេលាម៉ោង 12 ដែលជាថ្ងៃឆ្លងឆ្នាំក្មេងម្នាក់នេះ បានសួរខ្ញុំថា ម៉ាក់ៗពេលណាបានគេបាញ់កាំជ្រួច?
គាត់សួរមកកាន់ខ្ញុំទាំងមុខគាត់ស្ងួតហើយភ្នែកសម្លឹងមើលទៅមេឃរហូត ទឹកភ្នែកខ្ញុំក៏ចាប់ផ្ដើមស្រក់ហើយលួងកូនវិញថាមិនមានការបាញ់កាំជ្រួចអីទេកូន ម៉ាក់ច្រលំថ្ងៃហើយ ហើយគាត់សួរខ្ញុំទៀតថាចុះថ្ងៃណាបានគេបាញ់កាំជ្រួចម៉ាក់?អូនចង់មើលកាំជ្រួចព្រោះម៉ាក់ប្រាប់អូនថាថ្ងៃខោនដោនសប្បាយណាស់ អូនចង់ឃើញម៉ាក់ ខ្ញុំក៏បានប្រាប់ទៅគាត់វិញថាប្រហែលជាអាទិត្យក្រោយកូនបានគេបាញ់ មិនហ៊ានប្រាប់កូនតូចថាខ្លួនឯងចាញ់បោកគេទេព្រោះគាត់មិនទាន់យល់ បងប្អូនដឹងទេថាអារម្មណ៍របស់ម្ដាយនៅពេលដែលចង់ឃើញស្នាមញញឹមរបស់កូនៗប្រែមកទៅជាស្នាមក្រៀមក្រំរបស់កូនៗដែលសំលឹងមើលទៅមេឃរហូតនោះ ថាវាឈឺចាប់ប៉ុណ្ណា? មានតែអ្នកដែលធ្លាប់ជាម្ដាយឪពុកគេទេដែលយល់ពីអារម្មណ៍មួយនេះ? ពួកខ្ញុំកម្រមានពេលវេលាបានជួបជុំគ្នាណាស់
ហើយពេលវេលានេះគឺជាពេលវេលាដ៏សំខាន់សម្រាប់គ្រួសាររបស់ពួកខ្ញុំ។ពួកយើងថ្វីត្បិតតែជាម្ដាយនិងកូនមែនប៉ុន្តែកម្រមានពេលជួបជុំកម្រមានពេលសប្បាយជាមួយគ្នាដូចក្រុមគ្រួសារផ្សេងៗណាស់ ហេតុអីខ្ញុំគ្រាន់តែបំពេញក្តីសុខឱ្យកូនខ្លួនឯងក៏ខ្ញុំមិនមានលទ្ធភាពគ្រប់គ្រាន់ខ្ញុំមានការឈឺចាប់ខ្លាំងណាស់ ភាពឈឺចាប់និងកាមើលងាយទាំងនេះខ្ញុំមិនអាចបំភ្លេចបានឡើយ ពេលដែលខ្ញុំមើលរូបភាពនេះពេលណាក៏ខ្ញុំស្រក់ទឹកភ្នែកដែរ
អូនប៊ីមិនដែលនៅមិនទាន់គេងដល់ម៉ោង១២យប់ទេតែយប់នោះគាត់នៅរង់ចាំមើលកាំជ្រួចរហូត ទំរាំគាត់គេងម៉ោងជាង3ភ្លឺ មិនអាចបំភ្លេចបានទេ ការមើលងាយការមិនផ្តល់តម្លៃពីសេវាកម្មរបស់ក្រុមហ៊ុនទេសចរណ៍ 2 World Travel ត្រូវតែមានយុត្តិធម៌សម្រាប់រូបខ្ញុំនិងកូនៗ ពីតុលាការ
(ការឈឺចាប់និងការមើលងាយដែលមិនអាចបំភ្លេចបាន)»៕