យោងតាមក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា មូលដ្ឋានកងទ័ពអាកាសអាមេរិកពីរកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានវាយប្រហារដោយមីស៊ីល Ballistic ជាង១០គ្រាប់។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា ការវាយប្រហារនេះគឺជាការសងសឹកបន្ទាប់ពីមេបញ្ជាការកំពូលរបស់ប្រទេសលោក Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុងបាកដាដតាមបញ្ជារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។
មន្ទីរបញ្ចកោណបាននិយាយថា ទីតាំងដែលត្រូវបានវាយប្រហារទាំងពីរនេះគឺស្ថិតនៅក្នុងទីក្រុង Irbil និង Al Asad។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ទេថាតើមានអ្នកស្លាប់និងរបួសដែរឬអត់។
ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ចុះសពលោក Soleimani។ ទូរទស្សន៍ Al Mayadeen បានផ្សាយថា ការបាញ់ផ្លោងលើកទីពីរបានកើតឡើងនៅទីក្រុង Irbil ភ្លាមៗបន្ទាប់ពីរ៉ុក្កែតទីមួយវាយប្រហារទីក្រុង Al-Asad៕