មិនសុខចិត្ត!​ ក្រោយ​បទ «​ទុក្ខ​ស្រី​ប្តី​ព្រាត់​» ត្រូវ​បាន​គេ​យក​ មាស សុខសោភា មក​ច្រៀង​វិញ, ម្ចាស់​សំនៀង​ដើម ម៉េង កែវពេជ្ជតា លើក​ជា​ចម្ងល់​ថា…

ភាពយន្ត​ចម្រៀង​​ «​ទុក្ខ​ស្រី​ប្តី​ព្រាត់​» ជា​ខ្សែ​រឿង​ជីវិត​ពិត​របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមាន​រយៈពេល ​៣៣ ​នាទី ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២៣ ចំ​នឹង ថ្ងៃ​ខួប​លើក​ទី៤៤ នៃ​ជ័យជម្នះ​ថ្ងៃទី​ ៧ មករា ឆ្នាំ​ ១៩៧៩ ថ្ងៃទី​ ៧ មករា ឆ្នាំ ២០២៣។

​ចំពោះម្ចាស់សំនៀងដើមនៃបទនេះ ត្រូវបានគេដឹងគ្រប់គ្នាថា ជាសំនៀង របស់ អ្នកនាង ម៉េង កែវពេជ្ជតា។ តែនៅក្នុងភាពយន្តចម្រៀង ខាងលើ ដែលទើបនឹងសម្ពោធនោះ ត្រូវបានគេយកតារាចម្រៀង មាស សុខសោភា មកច្រៀងវិញ ធ្វើឲ្យអ្នកគាំទ្រម្ចាស់បទដើម ប្រតិកម្មជាច្រើន។

ឆ្លើយតបទៅនឹងការប្រតិកម្មរបស់អ្នកគាំទ្រនេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា ជាម្ចាស់សំនៀងដើម បានបង្ហោះសារយ៉ាងវែងអន្លាយ កាលពីថ្ងៃទី៩ ខែមករា ដោយរៀបរាប់ថា «……. ស្របពេល​ ដែល​ពេ​ជ្ជ​តា​កំពុង​ទទួលបាន​នូវ​ស្នាមញញឹម​ដ៏​សែន​មានន័យ​ពីបទ​ចម្រៀង​ពិសេស​៣​បទ​ដែល​ល្បីល្បាញ​រយៈពេល ៣០​ឆ្នាំ​មក​ហើយ​នេះ ស្រាប់​តែមាន​ឧបសគ្គ​ជា​ច្រើន​ដេញតាម​មករា​រាំង​ប្រកិតៗ ដែល​នោះ​ហាក់ដូចជា​មិន​ចង់អោយ​ពេ​ជ្ជ​តា​បានទទួល​នូវ​អ្វីដែល​សម​ទទួល ..

បែបនេះហើយ ទើប​មាន​សំនួរ​ជាច្រើន​បាន​សួរ​មក​ពេ​ជ្ជ​តា​ជា​ហូរហែ បន្ទាប់ពី​ការផ្សាយ​វណ្ណ​កម្ម​ភាពយន្ត​ចម្រៀង​មួយ​ ដែល​អតីត​ជា​បទ​ចម្រៀង និង​សំនៀងដើ​ម​របស់​ពេ​ជ្ជ​តា : ចំងល់ និង​មតិ​មានដូចជា ៖ – ម៉េច​បាន​មិនអោយ​ម្ចាស់​បទ​ច្រៀង​វិញ ? – យក​អ្នកថ្មី​ក៏​យក​ចុះ ប៉ុន្តែ​ម៉េច​មិន​ដាក់ឈ្មោះ​ម្ចាស់​សំនៀង​ដើម​អោយ​គ្នា​ផង ? – ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ធំៗ​ជា​ផ្លូវការ បង្ហោះ​ផ្សាយ​តាំងពី​កន្លះ​ឆ្នាំមុន​រហូតដល់​ថ្ងៃ​សម្ពោធ ឃើញ​មានឈ្មោះ​ទាំងអស់ អត់​តែ​ឈ្មោះ​ម្ចាស់​បទ​ដើម​មួយ ហេតុ​អី ?

– ខំ​ចូលទៅ​សួរច្រើន​ដង​ដែរ តែ​ខ​មិន​សំនួរ​ទាំងនោះ​ត្រូវបាន​អ្នក​ផុស​មិនឆ្លើយ​ ហើយ​លុបចោល​រាល់​លើក – ម៉េច​បាន​គេ​លុប​ខ​មិន បើបានដាក់​ឈ្មោះ​រួច​ហើយមានអី​ពិបាក​ឆ្លើយ? – មកពី​ពេល​នោះគេ​មិនទាន់​ដាក់​ទេ​ដឹង បានជាឆ្លើយមិន​កើត ហើយ​​​លុប​សំនួរ​ – គេ​ដាក់​តើ តែ​ដាក់​នៅក្នុង​ចម្រៀង ដាក់​បន្លំៗ មិន​ស័ក្ដិសម បើ​មិន​ខំរ​កមើល​អត់​ឃើញ – សំណាងហើយ​ដែល​មហាជន​ប្រតិកម្ម​តាម​សួរ​រហូត​កុំ​អី​អត់​តែម្តង ! – ចឹ​ង​មានន័យថា ទើប​តែ​ដាក់ឈ្មោះ​អោយ​ទេ​ចឹ​ង​…​។ ល ។ …..

តាម​ចំណាំ​ទម្លាប់​ល្អ​នេះ គឺ​មានតែ​ក្រុម​អ្នក​ចង់​ផ្ចាញ់ ចង់​បំបាត់​គុណ​តម្លៃ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ដែល​អាច​លើកដៃ​ធ្វើទៅរួច គេ​គ្មាន​សេចក្តីក្លាហាន​បង្ហាញ​ឈ្មោះ​ម្ចាស់​សំនៀងដើម​ទេ ។ ក្រុម​អ្នក​បាន​ផឹកទឹក​មិនបាច់​នឹក​ប្រភព !

មាន Comments មិន​សុខ​ចិត្តជាច្រើន​ទៀត​អំពី​មហាជន​ចំពោះ​រឿង​ហ្នឹង រហូត​ធ្វើ​អោយមាន​ការសង្ស័យថា តើគេ​ធ្វើ​បែបនេះ​ព្រោះ​មិន​ចង់អោយ​ពេ​ជ្ជ​តា​នៅ​ជា​ម្ចាស់​សំនៀង​ដើម​នៃ​បទ​ចម្រៀង​ប្រវត្តិសាស្ត្រ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​បន្តទៀត , ឬក៏​គេ​គិតថា ការ​បំបាត់​ឈ្មោះ​ម្ចាស់​ដើម​ដូច្នេះ​នឹង​ធ្វើអោយ​ខ្លួនគេ​អស្ចារ្យ​ក្លាយ​ជា​កំពូល​អ្នក​ផលិត​ពូកែ ឬក៏​ធ្វើ​អោយ​ខ្លួនគេ​ថ្លៃថ្នូរ ???

ណ្ហើយ បើទោះជា​បំណង​គេ​ស្ថិតក្នុង​ចំណុច​ណាក៏ដោយ ក៏​សូម​ទុកអោយ​មហាជន​ជា​អ្នក​វិនិច្ឆ័យ​តាម​ការ​មើល​ឃើញ​របស់​ពួកគាត់​ទៅ ព្រោះ​អ្នកមាន​ជំនាញ​សិល្បៈ​ខ្លះ ចំណេះដឹង​និង​បុណ្យ​ស័​ក្ត និង​អាយុ​ក៏​ច្រើន​គួរសម​ដែរ​តែ​ខ្វះ​គុណធម៌​ក្នុង​ចិត្ត មិន​គោរព​វិជ្ជាជីវៈ មិន​គោរព​រៀមច្បង មិន​គោរព​តម្លៃ​ម្ចាស់​ដើម មិនធ្វើ​ទង្វើល្អជា​គំរូ​ដល់​គេ អញ្ចឹងបើត្រូវគេ​រិះគន់ ត្រូវគេ​លែង​គោ​ព​នោះ​វា​ជា​រឿង​សម​មុខ​ណាស់។

ចំណែក​ខ្ញុំ​អត់​បញ្ហា​ទេ ព្រោះ​ភ្នែក​ត្រចៀក​មហាជន​រាប់លាន​គូ​មិនមាន​បញ្ហា។ ប៉ុន្តែ​ដែល​លើក​យកមក​សរសេរ​នេះ​គ្រាន់តែ​ចង់បង្ហាញ​ពី​ទឹកចិត្ត​ឈឺឆ្អាល​របស់​មហាជន​ចំពោះ​ពេ​ជ្ជ​តា​នៅពេលដែល​ពេ​ជ្ជ​តា​រង​ការបំពាន ម្យ៉ាង​ពួកគាត់​គឺជា​អ្នកគាំទ្រ​ស្នាដៃ​ប្រមុខ​ដឹកនាំ​រហូតមក ពួកគាត់​មាន​ឯកសារ​ដើម ពួកគាត់​គឺជា​សាក្សី​ដឹងឮ ពួកគាត់​គឺជា​ឯកសារ​រស់ ពួកគាត់​យល់ដឹង​ពី​ច្បាប់​រក្សា​សិទ្ធ ដូច្នេះ​ពួកគាត់​មាន​សិទ្ធ​ប្រតិកម្ម និង​សិទ្ធ​បញ្ចេញមតិ​រិះគន់។ ប្រសិនបើកា​រលើកឡើង​របស់ខ្ញុំ​នេះ​ត្រូវ​ធ្វើអោយគេ​ខឹង អញ្ចឹង​ខ្ញុំ​សុំ​សួរ​វិញ​ថា ចេះ​ខឹង​ដែរ ? ចេះ​ឈឺ​ដែរ ? បើចេះ​ខឹង​ចេះ​ឈឺ មិន​គួរ​បំពាន​ខ្ញុំ​មុន​ទេ ។

យ៉ាងណា ពេ​ជ្ជ​តា​សូម​អរគុណ​បងប្អូន​អ្នកអាន និង​បានខ​មិនល្អៗ​ផ្តល់​កម្លាំងចិត្ត បើ​គ្មាន​បងប្អូន​ទេ ស នឹង​ក្លាយ​ជា​ខ្មៅ ។ ប៉ុន្តែ​សូម​សំណូមពរ​ចំពោះ​បងប្អូន​មួយ​ចំនួន​តូច សូម​ខ​មិន​ដោយ​ក្តី​គោរព សុជីវធម៌ និង​យុត្តិធម៌​ផង មិន​ថា​ខ​មិន​ចំពោះ​ខ្ញុំ ឬ​ចំពោះ​នរណា​ម្នាក់ឡើយ។ កុំ​ឆ្លៀតឱកាស​យក​ទីនេះ​បង្ក​​រឿង​អោយ​ខ្ញុំ​ឈ្លោះ​គ្នា​ជាមួយ​នរណា និង​សូម​ចេះ​រក្សា​តម្លៃ​ខ្លួនឯង​ផង ខ្ញុំ​អាច​ប្លក់​អ្នក​បាន​បើ​សិន​អ្នក​មិន​គោរព​តាម​លក្ខខណ្ឌ​នេះ ។ ថ្ងៃ​ច័ន្ទ ទី ៩ មករា ឆ្នាំ ២០២៣»។

នៅមុនបង្ហោះសារខាងលើនេះ, អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ជុំវិញចម្រៀងទាំង៣បទរបស់ខ្លួនដែរថា «បទចម្រៀង​ដែលមាន​ចំណងជើងថា ១.​ ទុក្ខស្រីប្តីព្រាត់ ២.​ ស្ពានសាងស្នេហ៍ ៣.​ ពាមកោះស្នាវាចាប្រុសស្នេហ៍ ទាំង៣បទនេះនរណាក៏បានដឹងថា ទំនុកច្រៀង​គឺប្រសូត្រចេញពីស្នាដៃដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ដែរ​ តាំងពីឆ្នាំ​ 1993​ រហូតបច្ចុប្បន្ន​ 2023​ គឺ​មានរយៈកាល​ 30ឆ្នាំហើយ​ ហើយ​ក៏នៅតែបន្តប្រជាប្រិយភាពក្នុងបេះដូងអ្នកស្តាប់​រហូ​ត​ ជាពិសេសបទទាំង​នេះក៏បានក្លាយជាបទចម្រៀងប្រចាំត្រកូល ម៉េង​ កែវ​ ទៅ​ហើយ​ដែរ ព្រោះបើអោយសួរបងប្អូនទស្សនិកជន​ ចម្លើយគឺដឹងតែគ្រប់គ្នាឆ្លើយថា​ ជាបទសំនៀងដើម​របស់​ ម៉េង​ (​ ម៉េង​ កែវពេជ្ជតា​ )។

ពេជ្ជតាពិតជារីករាយសប្បាយចិត្ត​ និងមានមោទកភាពខ្លាំងណាស់​ ដែលមានសំណាងបានច្រៀងបទចម្រៀងទាំង៣​បទ​ ហើយដែលរក្សាបាននូវគុណតម្លៃ​ថ្លៃថ្លាដូចគ្រាប់ពេជ្រតជំនាន់នេះ​ ។ តំណាងអោយគ្រួសារ​ លោកឪពុក​ ម៉េង ហ៊ុន​ អ្នកម្តាយ​ កែវ​ សង្វាពេជ្រ​ និងបងប្អូនកូនក្មួយចៅៗគ្រួសារម៉េងកែវទាំងអស់​ នាងខ្ញុំសូម​លំឱនកាយគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចពុកម៉ែដែលលោក​បានផ្តល់កិត្តិយសប្រទាននូវស្នាដៃដ៏កំពូលនេះ​មកអោយពេជ្ជតា ហើយពេជ្ជតាក៏បានខិតខំសម្រិតសម្រាំងសមត្ថភាពបំពេញតួនាទីដោយទឹកចិត្តគោរពស្រលាញ់ស្មោះអស់ពីបេះដូង​ ធ្វើ​យ៉ាងណាអោយស័ក្តសមជាមួយនឹងស្នាដៃទេវតាដ៏ល្អឯកនេះ​ រួចហើយយើងខ្ញុំក៏តែងចាត់ទុកថានេះគឺជា​កេរ្តិ៍មរតក​មហាសាលដ៏ឧត្តមតែមួយគត់​ប្រចាំជីវិត​ដែលសម្តេចពុក​សម្តេចម៉ែប្រគល់អោយគ្រួសារម៉េង​កែវរក្សា..​។​

យើងខ្ញុំសូមគោរពអរគុណ​លោកទាំងទ្វេ និងលើកម្រាបទាំងដប់បួងសួងវត្ថុស័ក្តសិទ្ធ​ សូមលោកជួយបីបាច់ថែរក្សាសម្តេចពុកសម្តេចម៉ែ​ បុត្រាបុត្រី​ និងចៅៗជាទីស្រលាញ់ប្រកបដោយសុខភាពល្អ​ ព្រះជន្មយឺនយូរ​ និតនៅជាម្លប់សន្តិភាពដល់ប្រជាជាតិខ្មែរតរៀងទៅ»៕​

Related posts

Leave a Comment