គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៧ ក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ នៅក្នុងវគ្គThe Blind Audition សប្ដាហ៍ទី២ , ចាន់ ស្រីខួច ស្ថិតក្នុងអាយុ១២ឆ្នាំ បានជ្រើសរើសបទ «ចូលមកធ្វើអ្វីបើគង់ចាក់ចេញ» មកបកស្រាយ ហើយនៅពេលនោះកៅអី៣បានវិលមករកនាង។
ក្រោយទទួលបានកៅអី៣នោះ ចាន់ ស្រីខួច ក៏សម្រេចជ្រើសរើសយក អ្នកនាង ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹក ហើយឈានដល់វគ្គThe Battle នាងក៏ទទួលបានជោគជ័យទៀត ដោយផ្ដួល ម៉ា រ៉ាស្ទីណា ដើម្បី ឈានទៅវគ្គបន្តនោះ។ ទោះយ៉ាងណា ចាន់ ស្រីខួច ក៏បានធ្លាក់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
បើទោះជាមិនបានពានក៏ពិតមែន តែប្រជាប្រិយភាពរបស់ស្រីខួច ត្រូវបានគេស្គាល់ច្រើនតាំងពីពេលនោះមក រហូតមកដល់ពេលនេះ ស្រីខួច មានអាយុចូល១៨ឆ្នាំហើយ ប្រជាប្រិយភាពរបស់នាងមិនថមថយនោះឡើយ ថែមទាំងមានឱកាសការងារជាបន្តបន្ទាប់ទៀតផង។
អ្វីជាការចាប់អារម្មណ៍នោះ ពេលស្ថិតក្នុងវ័យ១៨ឆ្នាំនេះ ស្រីខួច មានរូបសម្រស់ស្រស់ស្អាតក្រមុំស្ដូក មើលសឹងមិនស្គាល់ ហើយតែងតែបង្ហាញស្ទីលលេងខ្លួនស្អាតប្លែកគួរជាទីគយគន់។
ទោះយ៉ាងណាភាពស្អាតរបស់នាង ត្រូវបានមតិមួយចំនួនលើកឡើងថា ដោយសារតែការកែកុន ទើបនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្រីខួច បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយពោលពាក្យថា «អឹម កែច្រមុះ ចាក់ថ្គាម ចាក់ថ្នាំអោយស បើជ្រុលចឹងមិនព្រមថាខ្ញុំចាប់ជាតិជាថ្មី តាហ្មងទៅ???
កាលនៅខ្មៅ ដៀលខ្ញុំខ្មៅ មុខចឹង តែងខ្លួនសំរែចឹង ហេចង់ធ្វើសុទ្ធតារា ដល់តាពេលផ្លាស់ប្ដូរបន្តិច មានលុយធ្វើអីក៏សម បានបញ្ឈប់គំនិតនេះភ្លាម បើមិនចេះស្រឡាញ់ខ្លួនឯងដូចដែលខ្ញុំបានស្រឡាញ់ខ្លួនខ្ញុំទេ កុំនិយាយបំបាក់អ្នកដទៃដើម្បីអោយខ្លួនឯងមើលទៅល្អជាងគេ ចូរបង្កើតតម្លៃដោយខ្លួនឯង ហើយសូមបញ្ឈប់រាល់ការតិះដៀលអ្នកដទៃតទៅ ទៀត។
សូមទោសតែទ្រាំអត់បានមែន ហើយមួយទៀត រាល់ការផ្លាស់ប្ដូរសុទ្ធតែមានហេតុនឹងផល តែខ្ញុំសូមឈរជាមតិ ក៏ដូចជាផ្ដល់ជាកម្លាំងចិត្តដល់អូនៗ និងបងៗស្រីដែល ត្រូវបានគេមើលងាយនូវរូបសម្រស់ខាងក្រៅដូចដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក ( ចូរយកពាក្យមើលងាយទាំងអស់នោះ ហើយផ្លាស់ប្ដូរវាមកជាការស្រឡាញ់ខ្លួនឯងអោយខ្លាំងជាងមុន នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯង នោះយើងនឹងចេះស្វែងរកវិធីដើម្បីកែប្រែខ្លួនឯងអោយកាន់តែប្រសើរហើយល្អជាងមុនជាមិនខាន )stay positive speak for urself n love urself»៕