គេនៅចាំបានថា ពេលកំពុងមានរឿងចម្រូងចម្រាសក្នុងគ្រួសារ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២, អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីលោកជឿន ប៊ុនចក់ ហៅពូចក់ បានសម្រេចបំណងរបស់ខ្លួន ដោយបានជួបជាមួយលោក ជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដល់គេហដ្ឋានផ្ទាល់ ដើម្បីសុំពរជ័យនោះ។
ដោយឡែក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ , ពូចក់ បានស្កាត់ទៅជួបលោកជំទាវ ហ៊ុន ស៊ីណាតម្ដងទៀតហើយ ដើម្បីសួរសុខទុក្ខ សម្ដែងការគួរសម និងបានឧបត្ថម្ភថវិកាមួយចំនួនជួយដល់អង្គការកុមារកំព្រានោះ។
បង្ហោះភ្ជាប់ជាមួយរូបថតជាមួយលោកជំទាវ ហ៊ុន ស៊ីណាត , ពូចក់ បានរៀបរាប់ថា «ជាកិត្តិយសបំផុត! ព្រឹកនេះក្មួយរីករាយ និងត្រេកអរជាពន់ពេក ដោយបានការអនុញ្ញាតពីលោកជំទាវអ៊ំ បានចូលសួរសុខទុក្ខ និងសំដែងការគួរសមដល់គេហដ្ឋាន ហើយបានចូលជាថវិកាដល់អង្គការកុមារកំព្រា ដែលមានលោកអ៊ំជំទាវជាប្រធាន ក្មួយសូមគោរពជូនពរលោកជំទាវអ៊ំ និងក្រុមគ្រួសារអោយជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះរូបថតជាច្រើសន្លឹកក្នុងជំនួបមួយនេះ ហើយលើកឡើងជាការអរគុណថា «តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់ក្មួយប្រុស ជឿន ប៊ុនចក់បានជួយឧបត្ថវិការ១ លានរៀលដល់កុមារកំព្រា ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងនោះផងដែរសូមអរគុណច្រើនដល់ម៉ាក់របស់ក្មួយ បានផ្ញើត្រីងៀតស្រែ និងប្រហុកត្រីស្រែ។ សូមជូនពរដល់ក្មួយ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ និងរកទទួលទានមានបាន សូមបានជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ»៕