ក្មេងប្រុស ជាសិស្សសាលា អាយុ១៣ឆ្នាំម្នាក់ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែត ខេត្តបាត់ដំបង បានបាត់ខ្លួន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ហើយត្រូវបានទំព័រហ្វេសប៊ុក «សិស្ស វិទ្យាល័យអន្លង់វិល» ធ្វើការបង្ហោះសារ ប្រកាសស្វែងរក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
យោងតាមប្រភពខាងខាងលើនេះ បានបញ្ជាក់ថា ក្មេងប្រុសបាត់ខ្លួននោះ មានឈ្មោះ សាន់ កង អាយុ១៤ ឆ្នាំ រៀនថ្នាក់ទី៤ គ ជាមួយអ្នកគ្រូ កុសល់ ក្នុងសាលាបឋមសិក្សា អន្លង់វិល។ កុមាររូបនេះ រស់នៅក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានស្លៀកពាក់ ជាសិស្សសាលា និងកង់មានបាញ់ថ្នាំពណ៌ស លាយក្រហម ព្រមទំាងមានកាដូបពណ៌ផ្ទៃមេឃ របស់ អង្កការ ហូល។ សាន់ កង បានបាត់ខ្លួន នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ពេលចេញពីផ្ទះទៅសាលារៀន។
ដោយឡែក នៅថ្ងៃទី១៤ ខែមករា, ទំព័រហ្វេសប៊ុក ដដែល បានបញ្ជាក់ជាថ្មីថា «គួរឲ្យភ្ញាក់ផ្អើលបើតាមការបញ្ជាក់អ្នកគ្រូរបស់ប្អូនប្រុស សាន់ កង ដោយអារម្មណ៍នឹកម្ដាយ បានធ្វើឲ្យប្អូនប្រុស សាន់ កង ជិះកង់ពីឃុំអន្លង់វិលទៅដល់សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចម្ងាយដីជិត១០០គីទ្បូម៉ែត្រ»។
បន្ថែមលើនេះ ប្រភពដដែល បានបង្ហោះសារទៀតនៅថ្ងៃទី១៥ ថា «បន្ថែម ព័ត៌មានថ្មី សាន់ កង ឮថាគាត់ជិះកង់ផង ជិតគោយន្តគេផង ទើបដល់បន្ទាយមានជ័យ ព័ត៌មានបន្ថែមទាល់តែជួបមីងនិងម្ដាយគាត់សិន»។
ដោយឡែក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ប្រភពខាងលើ បានបញ្ជាក់ទៀតថា «តាមការបញ្ជាក់មីងរបស់ សាន់ កង ៖ បាត់ម៉ោង12 ម៉ោង6ល្ងាចដល់បន្ទាយមានជ័យ ដោយជិះកង់ដល់អូរញព្រំប្រទល់បាត់ដំបង-បន្ទាយមានជ័យ រួចជិះគោយន្ដដល់ស្វាយ រួចបន្តជិះកង់រហូតដល់ផ្ទះ!»៕