គេនៅចាំបានថា អ្នកនាងសួស វីហ្សា និង លោកថមមី បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោយពីពួកគេ បានតស៊ូ និងស្វែងយល់ចិត្តគ្នាប្រមាណជាង៤ឆ្នាំ។
ក្រោយរៀបការ ពួកគេក៏ទទួលចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០វេលាម៉ោង៩និង០៩នាទីព្រឹក នៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។
អ្វីជាការចាប់អារម្មណ៍ ស្របពេលតារាចម្រៀង សួស វីសា មានភាពល្អប្រសើរឡើងវិញចំពោះបំពង់សំឡេងរបស់ខ្លួន ហើយឆាកតន្ត្រីវិញ បានមួយរយៈ ស្រាប់តែលេចឮដំណឹងថា នាងបានឡើងជាជំទាវបាត់។
ជាក់ស្ដែងថ្មីៗនេះ អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហោះសារធ្វើការអរគុណនាងថា «សូមអគុណ លោកជំទាវ សួស វីហ្សាSous Visa តារាចម្រៀងដដ៏ល្បី ក្នុងផលិតកម្មរស្មីហង្សមាស ដែលបានកុម្ម៉ង់កាដូរអនុស្សាវរីយ៍ពីហាង ពណ្ណរាយយើងខ្ញុំ សម្រាប់មនុស្សពិសេសក្នុងឱកាស ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ជូនពរឆ្នាំថ្មីហេងៗ រកស៊ីមានបាន
ចង់បានOder ណាបងប្អូនទាំងអស់គ្នា»។
ការហៅ សួស វីសា ថាជំទាវនេះដែរ កើតឡើង បន្ទាប់ពីលោកថមមី បានឡើងតំណែងថ្មី។ លោក ថមមី ដែលមានឈ្មោះពិត ប៊ុនថុល ប៊ុនថង បានបង្ហោះសារផ្លាស់មុខតំណែងថ្មីជាជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ។ ទោះយ៉ាងណា ងាកទៅកាន់តារាចម្រៀង សួស វីសា វិញនៅមិនទាន់បានបញ្ជាក់ថា ខ្លួនជាជំទាវនៅឡើយទេ៕