ចៅស្រី​ច្បង ​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ, សម្ដេច​តេជោ អបអរសាទរ និង​ ​កំណត់​គោលដៅ​សម្រាប់​ចៅ​ៗ​ថា…

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ នៅ​យប់​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០២៣នេះ បាន​អបអរសាទរ​ចំពោះ​ចៅ​ស្រី​ច្បង ដែល​ជា​កូន​ស្រី​លោក ​ជំទាវ ហ៊ុន ម៉ាណា ក្រោយ​ទទួល​បាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។

ទន្ទឹម​នឹង​ការ​អបអរសាទរ​នេះ សម្ដេច​តេជោ ហ៊ុន សែន ​ក៏បាន​បញ្ជាក់​ពី​ការ​កំណត់​គោលដៅទាបបំផុត សម្រាប់​ចៅៗទាំងអស់ ដោយ​ត្រូវ​បញ្ចប់​ថ្នាក់អនុបណ្ឌិត និងគោលដៅខ្ពស់​បំផុត គឺថ្នាក់បណ្ឌិត។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារអបអរសាទរនៅលើផេកហ្វេសបុក យ៉ាងដូច្នេះថា «ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូន
ជីតានិងក្រុមគ្រួសារ។

មិនទាន់ចប់ទេចៅបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)ទាបបំផុតនិងគោលដៅគឺថ្នាក់បណ្ឌិត។ ការចង់បានរបស់ជីដូនជីតាគឺចៅទាំងអស់ ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុតនិងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត។ នេះជាការកំណត់គោលដៅនៃគ្រួសារដែលសាមីខ្លួនចៅម្នាក់ៗនិងឪពុកម្តាយ ពួកគេត្រូវ​ខិតខំក្រោមការតម្រង់ទិសពីខ្ញុំផ្ទាល់ដែលជាមេគ្រួសារ»។

តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងការអបអរសាទរព្រាតព្រាត ក្នុងនោះ ពួកគេ បានលើកឡើងថា «សូមចូលរួមអបអរសាទរអស់ពីដួងចិត្ត។ Congratulations! ពិតជាមាន​សំណាងណាស់ ដែលមានសម្តេចជាអ្នកដឹកនាំ និងជាមេគ្រួសារជួយតម្រង់ទិសដៅឱ្យមានចំណេះខ្ពស់។ចំណេះវិជ្ជា ប្រសើរជាងទ្រព្យទាំងពួង។, អបអរសាទរក្មួយស្រី​នេះ​ពិតជាធនធានមនុស្សសម្រាប់អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាជំនាន់ក្រោយទៀត។, Congratulations ស្រីពេជ្រ»៕

Related posts

Leave a Comment