លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយពីលែងលះជាមួយភរិយាដាច់ស្រេច កាលពីអំឡុងចុងឆ្នាំ២០២០ ហើយរក្សាខ្លួននៅទំនេរជាច្រើនឆ្នាំនោះ, ទីបំផុត លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីវ័យក្មេង ស្រស់ស្អាតម្នាក់។
លោក ឌួង ឆាយ និងគ្រួសារ បានបង្ហាញវត្តមានជាមួយនឹងក្រុមគ្រួសារខាងស្រី ក្នុងពិធីភ្ជាប់ពាក្យ ឬ ពិធីពិសាស្លាដក់កន្សែង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ ចំពោះកូនក្រមុំ មានឈ្មោះ ហ៊ ម៉ីលី ត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកតែម្ដង។
ក្រោយពីភ្ជាប់ពាក្យស្ងាត់ៗរួចមក លោក ឌួង ឆាយ មិនបានបង្ហោះសារ ឬរូបថតនៃពិធីភ្ជាប់ពាក្យខ្លួនភ្លាមៗនោះឡើយ។ ទោះយ៉ាងណា នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក បានចេញមុខហើយ ដោយ បានបង្ហោះរូបថត១សន្លឹកនៃពិធីភ្ជាប់ពាក្យរបស់ខ្លួន ហើយធ្វើការអរគុណដល់អ្នកម្ដាយ, ឪពុកម្ដាយក្មេក ក៏ដូចជាអនាគតឧត្តមភរិយារបស់ខ្លួនផងដែរ។
ក្នុងនោះ លោក ក៏បានបង្ហាញពីសន្តានរបស់អនាគតភរិយាខ្លួនថា ជានារីខ្មែរម្នាក់ មានពូជពង្សវង្សត្រកូលល្អ ជាពិសេសព្រមស្រឡាញ់ ជ្រើសរើស ទទួលយលោកជាគូជីវិត ក្នុងស្ថានភាពដែលលោកបាត់បង់អ្វីគ្រប់យ៉ាង។ លើសពីនេះ ថែមទាំង បង្ហាញចិត្តអាណិតចំពោះកូនៗទាំង៣របស់លោកទៀតនោះ។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក, អតីតឧកញ៉ា ឌួង ឆាយ បានរៀបរាប់ដូច្នេះថា «កូនប្រុសស្រលាញ់ច្បាស់លាស់ គឺហ៊ានចូលចែចូវតាមចាស់ទុំគោរពតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ប្រារព្ធពិធីពិសាស្លាដក់នឹងកន្សែង។ សូមគោរពអរគុណដល់អ្នកម្តាយ ដែលបានណែនាំនារីខ្មែរដ៏ល្អម្នាក់ មានពូជពង្សវង្សត្រកូលល្អដល់កូន។
សូមអរគុណអនាគតលោកឪពុកក្មេក និងអ្នកម្តាយក្មេក ដែលបានផ្តល់ឱកាសអនុញ្ញាតព្រមព្រៀងឲ្យកូនទាំងពីរស្រលាញ់គ្នា និងបានប្រារព្ធធ្វើពិធីនេះឡើង។ សូមអរគុណដល់អនាគតឧត្តមភរិយា ដែលអូនព្រមស្រលាញ់ជ្រើសរើសទទួលយកបងធ្វើជាគូជីវិត
ជាពិសេសគឺក្នុងថ្ងៃ ដែលជីវិតបងឋិតនៅក្នុងភាពងងឹតបាត់បង់អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាកវេទនាជាទីបំផុត អូនបានចូលមកជួយបំពេញអត្ថន័យជីវិតបង អូនតែងតែឈរកៀកនៅក្បែរជួយផ្តល់កម្លាំងចិត្ត និងមិនដែលហាស្តីបន្ទោសដាក់បងសូម្បីតែមួយម៉ាត់ចំពោះនូវរាល់កំហុសឆ្គងដែលបងតែងមានរហូតមក អូនព្រមទទួលយកភាពខ្វះខាតដោយការជួយបំពេញបន្ថែម អូនព្រមទទួលយកនូវរាល់អតីតកាលមិនល្អរបស់បង។
លើសពីនេះ គឺអូនអាណិតស្រលាញ់ដល់កូនៗទាំង៣ របស់បងខ្លាំងណាស់។ បងសូមសន្យាថា នឹងតបស្នងការស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់អូនមួយនេះ និងជួយមើលថែរក្សាផ្តល់ភាពកក់ក្តៅជូនអូន ដូចដែលលោកឪពុកអ្នកម្តាយអូនធ្លាប់បានថ្នាក់ថ្នមមើលថែឲ្យបានល្អជាទីបំផុត ផ្តល់កម្លាំងចិត្តជូនអូននិងកសាងសុភមង្គលជាមួយគ្នា។
សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការអាណិតស្រលាញ់រាប់អាន និងអបអរសាទរជូនពរ។ សូមទោសពូមីងបងប្អូនមិត្តភ័ក្តជិតឆ្ងាយដែលខ្ញុំបាទមិនបានអញ្ជើញដោយសារតែធ្វើលក្ខណៈគ្រួសារតែ 10 តុហើយនៅឆ្ងាយ ខ្លាចរំខានលំបាក រង់ចាំពេលវេលាចូលរោងការតែម្តងណាបាទ»។
គួរបញ្ជាក់ថា អនាគតភរិយារបស់លោក ឌួង ឆាយ ដែលម្ដាយលោកជាអ្នកណែនាំឲ្យនោះ ត្រូវបានគេដឹងថា ឆ្នាំនេះ ទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ ហើយជាអ្នកលក់គ្រឿងអលង្ការនៅផ្សារចំបក់ ខេត្តតាកែវ៕