លោកផែង វណ្ណៈ ជាអតីត នគរបាលព្រហ្មទណ្ឌ ធ្លាប់មានស្នាដៃក្នុងបេសកកម្មសម្ងាត់កម្ចាត់មេខ្លោងចា.ប់ជំ.រិតដ៏ល្បីល្បាញឈ្មោះ រ៉ាស្មាច់ឆ្នាំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០០ ហើយចបច្ចុប្បន្ន ជាអ្នកសារព័ត៌មានដ៏ល្បីមួយរូប ដែលបានជួយជ.ន.រង.គ្រោះជាច្រើនមកហើយ តាមរយៈការឡាយ និងចុះផ្សាយរបស់ខ្លួន ជារឿយៗនោះ។
និយាយពីគ្រួសារ ដូចជា ប្រពន្ធកូនវិញ លោក ផែង វណ្ណៈ ក៏ឧស្សាហ៍បង្ហាញមុខផងដែរ ជាពិសេសកូនស្រីសំណព្វចិត្តរបស់លោក ដែលរៀនពេទ្យនោះ។ បច្ចុប្បន្ន លោកផែង វណ្ណៈ មានលុយ ផ្ទះ ឡានទំនើបផ្ទាល់ខ្លួន រស់នៅយ៉ាងមានសុភមង្គល។ ទោះយ៉ាងណា ទម្រាំមកដល់ចំណុចនេះ លោកបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ អ្នកសារព័ត៌មានដ៏ល្បីរូបនេះ បានបង្ហោះរូបថតពេលរៀបការ អមដោយសាររៀបរាប់ពីប្រវត្តិខ្លះៗរបស់ខ្លួនថា «ចុងឆ្នាំ ១៩៩២ បងរៀបការជាមួយអូនក្នុងខ្ទមកម្សត់មួយនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បងក៏ក្រ អូនក៏ក្រ តែការតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គ បងខំរកអូនខំទុកដាក់ទីបំផុត ៣០ឆ្នាំក្រោយ យើងបានផ្ទះល្អសមរម្យជាទ្រនំកក់ក្ដៅសម្រាប់គ្រួសារ ។ ទម្រាំមានថ្ងៃនេះ ធ្វើនគរបាលផង ធ្វើការអោយអង្គការទូរទស្សន៍ ២៤ម៉ោងរបស់ជប៉ុនផង ធ្វើការអោយក្រុមហ៊ុន ម៉ៃដា ជប៉ុនផង ធ្វើអ្នកកាសែតផង នេះហើយជីវិតអ្នកក្រ ប្រឹងប្រែងណាស់ទើបមានថ្ងៃនេះ ។ ជាពិសេស ប្រទេសមានសុខសន្តិភាពផ្ដល់ឱកាសអោយយើងមានជម្រើសច្រើនដើម្បីធ្វើការរកស៊ីចិញ្ចឹមជីវិត»៕