និយាយដល់ឈ្មោះពិធីការិនីដ៏ឆ្នើម អ្នកនាង ចាន់ កែវនិមល ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខាន ដោយសារតែកេរ្ដិ៍ឈ្មោះល្បីរន្ទឺ របស់អ្នកនាង តាមរយៈការនិយាយស្ដីប្រកបដោយសំនួនវោហាស័ព្ទ ស្ដាប់ទៅ ពីរោះពិសា ទាក់ចិត្តមហាជន។
សតម្ថភាពដ៏គួរឲ្យស្ងើចសរសើរនេះហើយ បានធ្វើឲ្យពិធីការិនីរូបនេះ ទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ហើយកំពុងជោគជ័យលើវិថីមួយនេះផងដែរ។ ដោយឡែក និយាយពីជីវិតគូវិញ អ្នកនាង ក៏កំពុងជោគជ័យយ៉ាងត្រចះត្រចង់ រស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារដ៏តូចរបស់ខ្លួន។
អ្វីកាន់តែត្រេកអរបន្ថែមទៀតនោះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃខួបកំណើតរបស់កូនច្បងច្បងគម្រប់អាយុ១១ឆ្នាំ, ពិធីការិនីដ៏ល្បីអ្នកនាង ចាន់ កែវនិមល មានកាដូពិសេសសម្រាប់កូនស្រីច្បងរូបនេះ ហើយពេលបើកមើល ស្រាប់តែឃើញថា អូន ទេពី មានប្អូនប្រុស។
ក្រោយពពោះរយៈពេលប្រមាណ៩ខែ១០នោះ, អ្នកនាង ចាន់ កែវនិមល ក៏បានសម្រាលកូនប្រុស តាមបែបធម្មជាតិ ដោយសុវត្ថិភាព និងជោគជ័យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា។
ធ្មេចបើកៗរហូតមកដល់ពេលនេះ កូនប្រុស អ្នកនាង ចាន់ កែវនិមល ឈ្មោះ ចេស្ដា ដល់ថ្ងៃចេញខែបាត់ ហើយពិធីការិនីដ៏ល្បីរូបនេះ ក៏រៀបចំពិធីតាមទម្លាប់គ្រួសារ ដោយនិមន្តព្រះសង្ឃសូត្រមន្ត និងអញ្ជើញចាស់ទុំចូលរួម។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អ្នកនាង ចាន់ កែវនិមល បានប្រាប់ថា «ថ្ងៃនេះ ចេស្តា មានអាយុ១ខែហើយ ធ្វើពិធីតាមទម្លាប់គ្រួសារ អរគុណម៉ាក់យាយ លោកតាអ៊ំពូមីង ដែលបានចូលរួម»៕