ប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា ក្រោយពីលែងលះជាមួយអតីតភរិយា អ្នកស្រី ទ្រី ដាណា រួចមក ពូម៉ៅ បានរស់នៅ ប្រើជីវិតយ៉ាងសាមញ្ញ ពោរពេញដោយក្ដីសុខ ដោយពេលខ្លះឃើញលោក ជិះម៉ូតូ ដើរហើរធម្មតា បើទោះបច្ចុប្បន្ន លោកនៅតែមានឡានទំនើបជិះក៏ដោយចុះ។
ងាកមកការហូបចុកវិញក៏សាមញ្ញដែរ ដោយធ្លាប់តែមានគេធ្វើម្ហូបឲ្យស្រាប់ៗ ម្ហូបពាសពេញតុ តែពេលរស់នៅក្នុងជីវិតជាពោះម៉ាយនោះវិញ ពេលខ្លះក៏ធ្វើម្ហូបខ្លួនឯង ហើយពេលខ្លះក៏ម្ដាយជាទីស្រឡាញ់ធ្វើម្ហូបឲ្យហូបយ៉ាងឈ្ងុយឆ្ងាញ់។
និយាយដល់ម្ដាយវិញ កន្លងមក បើទោះអតីតភរិយាយល់យ៉ាងណាក៏ដោយ តែសម្រាប់ពូម៉ៅ ជាកូន ពិតជាមានក្ដីស្រឡាញ់ចំពោះអ្នកមានគុណរូបនេះខ្លាំងណាស់ ដោយតែងតែពោលពាក្យសរសើរមិនដាច់ពីមាត់ ធ្វើឲ្យអ្នកគាំទ្រពិតជាស្ញប់ស្ញែងចំពោះទឹកចិត្ត និងការដឹងគុណរបស់ពូម៉ៅខ្លាំងណាស់។
ដោយឡែក ក្នុងឱកចូលឆ្នាំចិននេះ គេគ្រប់គ្នាដើរលេងសប្បាយ ពូម៉ៅ វិញ បានត្រឹមបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីទីកតុករបស់ខ្លួន ហើយពោលពាក្យថា «ចូលឆ្នាំចិនកំដរម្ដាយនៅពេទ្យ»។
តាមរយៈនេះ ពូម៉ៅ មិនបានបញ្ជាក់ថាម្ដាយរបស់ខ្លួនឈឺអ្វីនោះឡើយ។ តែបើតាមគណនីហ្វេសប៊ុកមួយឈ្មោះ «ហ៊ីង វណ្ណៈ» ត្រូវជាបងប្អូនពូម៉ៅ បានបង្ហោះរូបថតអ្នកម្ដាយលើគ្រែពេទ្យ ហើយពោលពាក្យថា «7យប់ 8ថ្ងៃ ដើម្បីព្រះរស់»។ នៅពេលនោះ មានគេសួរថា «អ៊ំកើតអីបង », លោកក៏បានបញ្ជាក់ថា «គាត់ធ្លាយក្រពះ ឥលូវវះកាត់ បានធូរបន្តិចហើយ»។
ក្រោយមក គេឃើញគណនីហ្វេសប៊ុកឈ្មោះ «Sothea RaOne » បានបង្ហោះរូបថតម្ដាយឪពុកក្មេក ហើយពោលពាក្យថា «ទាន់នៅមានពេលអាចថែទាំគ្នា ស្រឡាញ់យល់ចិត្តគ្នាអោយបានច្រើនៗទាន់មានឱកាស យើងម្នាក់ៗមើលមិនឃើញថ្ងៃស្អែកទេ កុំអោយស្តាយក្រោយ ជូនពរម៉ាក់ក្មេកឆាប់ជាត្រលប់ទៅផ្ទះវិញឆាប់ៗ»។ តាមរយៈរូបថតនេះ ឃើញថា ឪពុករបស់ពូម៉ៅ បានស្រឡាញ់មើលថែម្ដាយរបស់លោកបានយ៉ាងល្អ ដូចពាក្យចាស់ពោលថា «ក្មេងស្រឡាញ់គ្នាម្ដង ដល់ចាស់កោងខ្នង ស្រឡាញ់គ្នាម្ដងទៀត»៕