ករណី​​​អ្នក​ដំណើរ​លើក​ម៉ូតូ, អ្នកកាសែត​បន្ទោស, ឯកឧត្ដម​ ស សុខា​ ចែក​រំលែក​គតិ​៤​ចំណុច ​រហូត​សម្ដេច​តេជោ ​ចូល​ខំមិន​ថា​…(មានវីដេអូ)

ករណី​អ្នក​ធ្វើ​ដំណើរ​ដឹក​ប្រពន្ធ​បី​កូន​ ឈប់​ជួយ​លើក​ម៉ូតូ​​​ ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វា កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​អ្នក​សារព័ត៌មាន​ដ៏ល្បីម្នាក់ ស្ដីឲ្យ និង​ប្រាប់​កុំ​ឲ្យ​ធ្វើ​បែបនេះ​ ដោយ​ប្រើ​សម្ដី​ខ្លាំង​ៗ​នោះ, បាន​ក្លាយ​ជាប្រធានបទដ៏​រសើប​សម្រាប់​មហាជន​ធ្វើការ​វែកញែក។

ជុំវិញ​រឿង​នេះ ងាក​មក​ ឯកឧត្ដម​ ស សុខា បាន​ចែក​រំលែក​គតិ​៤​ចំណុច​តាម​រយៈ​ការ​បង្ហោះ​វីដេអូ​ ​អម​ដោយ​សារ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ថា «តើ​គួរ​ចុះ​ជួយ​លើក​ឬ​បើក​បង្ហួស​ធ្វើ​មិនដឹង​! …………….មកដល់ពេលនេះ​ប្រធានបទ​លើក​ម៉ូតូ​ដួល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វា នៅតែ​បន្ត​ជជែក​គ្នា​ទាំង​ស្រប និង​ប្រឆាំង​។ តាម​ការកត់សម្គាល់ ខ្ញុំ​ឃើញ​មតិ​ប្រឆាំងនឹង​ជំហរ​របស់​អ្នក Live​ផ្ទាល់​ច្រើនជាង​ការគាំទ្រ​។ ក្នុងនាម​ប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំ​ក៏​សូម​បញ្ចេញមតិ​ខ្លះៗ​ដែរ​។

ទី​១.​យើង​ថា បងប្រុស​ដែល​ឃើញ​ម៉ូតូ​ដួល ហើយ​គាត់​ស្ទុះ​ទៅ​ជួយ​លើក​ខុស​ក៏​អាច​ថា​បាន​។ តែ​យើង​គួរ​គិត ឬ​រកឱ្យឃើញ​ជាមុន​ថា តើ​គាត់​មាន​ចេតនា​បែបណា​? ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ ដែល​គាត់​ស្ទុះ​ទៅលើ​ក​នោះ​ក្នុងស្ថានភាព​ដូចម្ដេច និង​កាយវិការ​របស់គាត់​មាន​ទម្រង់​ប្រឆាំងនឹង​សមត្ថកិច្ច​ជំនាញ​ឬ​យ៉ាងណា​? តាម​ខ្ញុំ​យល់ ពេលដែល​គាត់​កំពុងបើក​ម៉ូតូឌុប​ប្រពន្ធ​បីកូន​តូច​នៅ​នឹង​ដៃ អារម្មណ៍​គាត់​អាច​ត្រឹមតែ​គិតថា អ្នករងគ្រោះ​បើក​ដួល​ខ្លួនឯង​ដោយ​យថាហេតុ​ណាមួយ ដោយ​គាត់​ខ្លាច​ឡាន​និង​ម៉ូតូ​ផ្សេងៗ​មក​បុក​បន្ថែម​ពីលើ​ជាដើម​។ ខ្ញុំ​ថា បើ​យើង​បន្ទោស​ឬ​ដាក់​កំហុស​លើ​គាត់ ហាក់ដូចជា​យើង​នាំគ្នា​បំផុស​ឬ​លើកទឹកចិត្ត​ឱ្យ​បោះបង់​វប្បធម៌​ជួយ​យកអាសា​គ្នា​ទៅវិញ​។ ជារួម ក្នុងស្ថានភាព​នោះ​បើសិនជា​យើង​វិញ យើង​ក្ដី មហាជន​ក្ដី គិត ឬ​មើលឃើញថា​ជា​ករណី​ដួល​ដោយ​ខ្លួនឯង ដែល​គួរ​ចុះជួយ​ជាដើម​។

ទី​២.​ជាការ​ពិត រឿង​ជំនាញ​វាស់វែង​របស់​នគរបាល​ចរាចរណ៍​ជា​រឿង​ត្រឹមត្រូវ ដែល​ត្រូវ​វាស់វែង​គូស​គំនូស​សម្គាល់​ទីតាំង​យាន​បង្ក​និង​យាន​រងគ្រោះ ដើម្បី​កំណត់ថា​ភាគី​ណា​ខុស​ភាគី​ណា​ត្រូវ​។ ប៉ុន្តែ​យើង​ក៏​ដាក់​ជា​សំណួរ​ដែរ​ថា តើ​ពេលនោះ​បងប្រុស​ដែល​លើក​ម៉ូតូ​នោះបាន​ឃើញ​វត្តមាន​នគរបាល​ចរាច​រណ៍​ដែរ​ទេ​? ដូច​ខ្ញុំ​លើកឡើង​ខាងលើ ប្រហែលជា​ពេលនោះ គាត់​មិនបាន​ឃើញ​នគរ​បាលច​រាច​រណ៍​មាន​វត្ត​មាននៅ​ទីនោះ និង​ឃើញ​សភាព​ធម្មតា ដែល​គាត់​មិនអាច​បើក​ហួស ឬ​ឃើញ​ស្លាប់​មិន​ជួយ​នោះទេ​។ តែ​ខ្ញុំ​មិន​សន្មត​ថា ពេលនោះ​គ្មាន​វត្តមាន​នគរ​បាលច​រា​ចរណ៍​នោះឡើយ​។ ដូច្នេះ ការដែល​ពុំបាន​ដឹង ពុំបាន​ឃើញ ហើយ​មានបំណង​យកអាសា​គ្នា ខ្ញុំ​ថា ជា​រឿង​ល្អ​ទៅវិញ​។ ក្រៅតែពី​ការវាស់វែង​បាញ់​គំនូស នៅមាន​ធ​ម្យោ​បាយ​ច្រើន​ទៀត​ដែល​អាច​ប្រមូល និង​បង្ហាញ​ភស្ដុតាង​បាន ដូចជា កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែងកើតហេតុ​បើសិន​ជាមាន​, ស្លាកស្នាម​នៅ​កន្លែងកើតហេតុ​, ចម្លើយ​របស់​ភាគី​, អ្នកឃើញ​ហេតុការណ៍ និង​វីដេអូ ដែល​អ្នក Live បាន​ទៅដល់​មុនគេ​នោះ​…​សុទ្ធតែ​អាច​យក​ធ្វើជា​មូលដ្ឋាន​បាន​។​

ទី​៣.​ចំពោះ​អ្នក Live ផ្ទាល់​វិញ ជាការ​យល់​តិចតួច​របស់ខ្ញុំ យើង​គប្បី​ប្រកាន់យក​តួនាទី ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុងនាម​អ្នកសារព័ត៌មាន​អាជីព​ស្របច្បាប់​។ ពោលគឺ ផ្ដល់ព័ត៌មាន​ពិត​ទាន់​ហេតុការណ៍ និង​តាម​ព្រឹត្តិការណ៍​ជាក់ស្ដែង ដោយ​ពុំ​អាច​ដើរតួ​ជា​សមត្ថកិច្ច ឬ​ឈ្លោះប្រកែក​វែកញែក​តឹងសរសៃក​ដាក់​ជាមួយ​នរណាម្នាក់​នោះឡើយ​។ ក្នុងនោះ ក្នុងនាម​អ្នកសារព័ត៌មាន មាន​តួនាទី​ផ្ដល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ឱ្យ​អ្នកទស្សនា​បានដឹង និង​ថ្លឹងថ្លែង​តាមរយៈ​ការអត្ថាធិប្បាយ​ហេតុការណ៍​ដែល​ខ្លួន​ឃើញ​ពិត​, សម្ភាស​ភាគី​ទាំងសងខាង​, សម្ភាស​អ្នកឃើញ​ហេតុការណ៍​, សម្ភាស​សមត្ថកិច្ច​, សម្ភាស​បងប្រុស​ដែល​ស្ទុះ​ទៅលើ​ក​ម៉ូតូ​ដួល​នោះ​…​។ ម្យ៉ាងវិញទៀត បើ​យើង​ចង់​ផ្ញើ​សារ​ជូន​មហាជន​ថា ការលើក​យាន​ករណីបែបនេះ បណ្ដាលឱ្យ​ប៉ះពាល់​ដល់​ជំនាញ ឬ​បាត់ដាន​ក្នុង​ការរក​អ្នក​ខុស​អ្នក​ត្រូវ គប្បី​បង្វែរ​សំណួរ​ទៅ​សួរ​សមត្ថកិច្ច​ជំនាញ​ដែលមាន​វត្ត​មាននៅ​ទីនោះ​ឱ្យ​លោក​ពន្យល់​វិញ​។ ចៀសវាង​យើង​នៅតែ​តាម​ថត តាម​លើក​ហេតុផល តាម​ពន្យល់​បងប្រុស​អ្នក​លើក​ម៉ូតូ​ឥត​ឈប់ ក្នុងខណៈពេល​គាត់​បាន​លើកដៃ​សូមទោស​និង​បញ្ជាក់​ពី​ចេតនា​សុចរិត​របស់គាត់​ម្ដង​ហើយ​ម្ដងទៀត​។

ទី​៤.​សរុបសេចក្ដី​ទៅ គួរ​លើកកម្ពស់​ឬ​បំផុស​វប្បធម៌​ជួយ​គ្នា​។ ក្នុងករណី​ដែល​ការជួយ​ណាមួយ​ដោយស្មោះ តែ​ខុសពី​ជំនាញ​របស់​សមត្ថកិច្ច ហើយគ្នា​សូមទោស គួរ​កុំ​ដេញដោល​បន្ត​។ តាម​ខ្ញុំ​មើល​វីដេអូ ខ្ញុំ​ឃើញ​គាត់​លើកដៃ​សុំទោស​៤-១០​ដង និង​ដោយ​ចិត្ត​ស្មោះ​។ អ៊ីចឹង រឿង​ហួសហើយ ឱ្យ​វា​ហួស​ទៅ តើ​ឱ្យ​បក​ក្រោយ​យ៉ាងម៉ិច​នឹង​កើត​។ មែនទែនទៅ ខ្ញុំ​មិន​កាត់សេចក្ដី​អី​ទេ តែ​តាម​វីដេអូ ភាគី​ខាង​អ្នក Live ទៅវិញ​ទេ ដែល​សង្ខើញ​និង​តឹងសរសៃក ចំណែក​ខាង​បងប្រុស​លើក​ម៉ូតូ​គាត់​ព្យាយាម​ពន្យល់​អំពី​ចេតនា​សុចរិត​របស់គាត់​ដោយ​សម្ដីសម្ដៅ​និង​កាយ​សម​ទំនង​។ ចំពោះ​សមត្ថកិច្ច​ជំនាញ ករណី​ទទួល​ព័ត៌មាន​គួរ​ស្រូត​ចុះ​សម្របសម្រួល​អន្តរាគមន៍​កន្លែងកើតហេតុ​ធ្វើការ​តាម​ជំនាញ​ឱ្យ​លឿន​តាម​ដែល​អាច​ធ្វើបាន ហើយ​បើ​អាចធ្វើ​បាន​ទៀត​នោះ គួរ​ការពារ​ឬ​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ​ជាដើម​។ ក្នុងនាម​អ្នកសារព័ត៌មាន​គប្បី​បំពេញភារកិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់ ជំនាញ ក្រមសីលធម៌​វិជ្ជាជីវៈ កុំឱ្យ​ហួស​ដែន​សមត្ថកិច្ច​។ ខ្ញុំ​គាំទ្រ​ចំពោះ​ការជួយ​យកអាសា​គ្នា តែ​ដើម្បី​ការពារ​ខ្លួន សូម​បងប្អូន​ពិនិត្យ​តាម​សភាព​ជាក់ស្ដែង ចៀស​វាស​ធ្វើ​គុណ​បាន​ទោស​។ យើង​គប្បី​ឈ្វេងយល់​ពីគ្នា និង​ឈានទៅ​យោគយល់​គ្នា​តាមរយៈ​ហេតុផល កុំ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា ឬ​ធ្វើ​ដើម្បី​ផលប្រយោជន៍​ណាមួយ​។ ទោះយ៉ាងណា យើង​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​វប្បធម៌​ជួយ​គ្នា​!…………….២៤ មករា ២០២៣»។

ក្រោយឃើញ​គតិ​ខាងលើនេះ, សម្ដេច​តេជោ ហ៊ុន សែន បានចូលទៅខំមិន ធ្វើការគាំទ្រថា «​គាំទ្រការបកស្រាយ និងពន្យល់របស់ក្មួយស សុខា។ត្រូវជួយ​គ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំ​សូមអរគុណ និងកោតសរសើរចំពោះអ្នកបានជួយ ដែលនេះជាវប្បធម៌ដដ៏​ល្អនៃជាតិសាសន៍យើង»៕​


Related posts

Leave a Comment