គេនៅចាំបានថា តារាចម្រៀងស្រីវ័យក្មេងកញ្ញា ខេមរៈ ស្រីពៅ ក្រោយពីលេចឮដំណឹង ធ្លាក់ខ្លួនឈឺអស់រយៈពេលប្រមាណ៤ឆ្នាំ ក៏ទទួលមរណភាព កាលថ្ងៃរសៀលម៉ោង១ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នៅឯប្រទេសឥណ្ឌា ដោយគិតមកដល់ពេលនេះមានរយៈពេល៤ឆ្នាំហើយ។
នៅពេលនោះ សពរបស់នាង ត្រូវបាននាំយកមកប្រទេសកម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ស្របពេលអ្នកគាំទ្រ មានការស្រណោះអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់អាយដលក្នុងដួងចិត្តរបស់ពួកគេមួយប៉ប្រិចភ្នែក ស្ទើរតែមិនអាចទទួលយកបាននោះ។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ បានធ្វើបុណ្យខួបគម្រប់៣ឆ្នាំ ដើម្បី ឧទ្ទិសជូន តារាចម្រៀង ខេមរៈ ស្រីពៅ ហើយឆ្លៀតក្នុងឱកាសនោះ លោកក៏បានរៀបរាប់ រឿងរ៉ាវពាក់ព័ន្ធនឹងប្អូនស្រីខ្លួន ប្រាប់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ទាំងអួលដើម.កទៀតផង។
កំពូលតារាចម្រៀង មានដើមកំណើតពីខេត្តកំពង់ចាមរូបនេះ បានរៀបរាប់ថា «គាត់ឈឺដំបូងនោះ គឺដូចជាធម្មតា អត់ចាប់អារម្មណ៍ថាគាត់ឈឺ គាត់គ្រាន់តែហើមជើងបន្តិចបន្តួច ពេលហាត់រាំ គាត់ហើមកជើង នឹកថាដូចមិនអីទេ សរសៃធម្មតា ដល់អ៊ីចឹង គាត់ក៏ទៅរកថ្នាំពេទ្យ ផ្សំលេប ដូចយើងធម្មតា ស្រាប់តែវា បាន១អាទិត្យ ២អាទិត្យ ស្រាប់តែគាត់ ហើមខ្លួនរឹតតែធំ ដង្ហើមដកអត់រួច»។
លោក បន្តថា «អ៊ីចឹង កូរណា ជូនគាត់ទៅកាល់ម៉ែត ម៉ោង២យប់ ដល់ទៅ ពេទ្យគេថា ឥឡូវបេះដូងគាត់ គឺខ្សោយខ្លាំង ទឹកចូលសួតពេញអស់ហើយ រលាកតម្រងនោមហើយ គឺ គ្រឿងក្នុងត្រូវបែកខ្ទេចអស់ ដោយសារថ្នាំពេទ្យ ដែលយើងលេបផ្ដេសផ្ដាស…»។
លោក រៀបរាប់ទៀតថា «សង្គ្រោះមួយរយៈ បាន១៣ថ្ងៃ កូរណា ថា ទុកស្រុកខ្មែរ អត់បានទេ អីចឹងក៏យកប្អូនទៅថៃ យកទៅដៃក៏ជាប់ដៃរហូត៣ ៤ឆ្នាំ ៥ឆ្នាំ តាំងពីហ្នឹងមក អត់ហ៊ានមកស្រុកខ្មែរ ឲ្យតែមកខ្លាចធ្វើទុក្ខ អីចឹងទុកនៅនោះ រហូតដល់ស្រុកថៃជួយគាត់បានប្រសើរ ក៏ចង់ទៅឥណ្ឌាដើម្បីដោះដូរក្រលៀន ព្រោះតម្រងនោមរលាកយូរទៅ ទៅជាខូច អីចឹងត្រូវតែដោះដូរ ដល់ពេលទៅហ្នឹងបរាជ័យ គាត់ក៏ជួបបញ្ហានោះតែម្ដង»។
ខេមរៈ សិរីមន្ត ប្រាប់ទាំងអួលដើម.កទៀតថា «អ្វី ដែលកូរណា តែងតែតស៊ូ អត់បោះបង់គាត់បានដោយសារតែគាត់ថា គាត់ចង់រស់ ពេលគាត់ជួបកូរណា គាត់ថា គាត់ចង់រស់ បងប្អូនចង់រស់។ អញ្ចឹងពាក្យមួយម៉ាត់ហ្នឹងធ្វើឲ្យយើងមិនអាចមើលហ្នឹងភ្នែកបានត្រូវតែធ្វើឲ្យអស់លទ្ធភាព….»។
ដោយឡែក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ជាថ្ងៃដែលប្អូនស្រីរបស់ខ្លួនលាចាកលោករយៈពេល៤ឆ្នាំនោះ, ឧកញ៉ា ខេមរៈ សិរីមន្ត បានត្រឹមបង្ហោះរូបថតប៉ុន្មានសន្លឹក ហើយពោលពាក្យបង្ហាញក្ដីនឹករលឹកថា «មកដល់ថ្ងៃនេះប្អូនស្រីពៅជាទីស្រលាញ់បងបានទៅចោលបង4ឆ្នាំហើយនឹកប្អូនណាស់»៕