“ទង្វើស្តែងច្បាស់ជាងសម្តី” កូនៗរបស់យើងរៀនពីការផ្តល់ និងទទួលសេចក្តីស្រឡាញ់ពីទង្វើរបស់យើង ដែលជាឪពុកម្តាយ ជាជាងពីអ្វីដែលយើងអាចបង្រៀនពួកគេដោយពាក្យសម្ដី។ ក្នុងនាមជាឪពុកម្ដាយ លក្ខណៈល្អមួយ ដែលយើងត្រូវ បង្រៀនកូនរបស់យើង គឺ «សេចក្តីស្រលាញ់ ករុណា និង មេត្តា»។
ពេលខ្លះ ការយល់ដឹងពីសេចក្ដីស្រឡាញ់ ករុណា និងសេចក្ដីសប្បុរស អាចជាការលំបាកសម្រាប់កុមារ។ សេចក្ដីស្រឡាញ់ ករុណា និងសេចក្ដីសប្បុរសគ្របដណ្តប់លើអ្វីៗជាច្រើន ដូចជា ការយល់ចិត្ត និងការធ្វើអំពើល្អដល់អ្នកដទៃ។ មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្រៀនកូនរបស់យើង គឺយើងត្រូវធ្វើជាគំរូ និងបណ្តុះគុណសម្បត្ដិទាំងនេះ។
សេចក្តីស្រទ្បាញ់ ៖ បង្រៀនពីសេចក្តីស្រឡាញ់ដោយធ្វើជាគំរូ។ កូនៗរបស់យើងនឹងត្រាប់តាមឥរិយាបថរបស់យើង។ រឿងសាមញ្ញតូចៗ ដូចជាបង្ហាញក្តីស្រទ្បាញ់ ដោយនិយាយថា “អរគុណ” ហើយការទាក់ទងគ្នាក្នុងសម្តីទន់ភ្លន់ នឹងមានឥទ្ធិពលវិជ្ជមានលើកូនៗរបស់អ្នក។
ករុណា ៖ ជួយកូនៗឱ្យយល់ដឹងពីករុណា គឺសេចក្តីអាណិត និងចេះជួយអ្នកដទៃ។ ឪពុកម្តាយត្រូវមានខន្តី និងពន្យល់កូនៗជាច្រើនដង ជាពិសេសជាមួយកុមារតូចៗ ហើយបង្ហាញពួកគេពីរបៀបនៃការឆ្លើយតបទៅនឹងស្ថានភាពផ្សេងៗ។ ឧទាហរណ៍ ប្រសិនបើកូនម្នាក់របស់អ្នកមិនចូលចិត្តចែករំលែកជាមួយបងប្អូន សូមសួរបងប្អូនទាំងនោះថាតើពួកគេមានអារម្មណ៍យ៉ាងណា ប្រសិនបើបងប្អូនបង្កើតរបស់ពួកគេមិនចែករំលែកជាមួយពួកគេ? សំណួរនេះអាចជួយពន្យល់ពួកគេអំពីសារៈសំខាន់នៃការចែករំលែក និងជួយមនុស្ស។ ការពន្យល់បែបនេះក៏នឹងជួយពួកគេឱ្យក្លាយជាបុគ្គលដែលចេះយល់ច្បាស់ពីអារម្មណ៍អ្នកដទៃ។
សេចក្តីសប្បុរស ៖ ការបង្រៀនពីសេចក្តីសប្បុរសជួយឱ្យពួកគេមើលឃើញពីផលវិជ្ជមាននៃទង្វើរបស់ពួកគេ។ ការសិក្សាបានបង្ហាញថាកុមារពេញចិត្តចំពោះការផ្តល់ឱ្យ ច្រើនជាងការទទួលអ្វីៗដោយខ្លួនឯង នៅពេលដែលពួកគេមើលឃើញអ្នកទទួលមានភាពរីករាយចំពោះភាពសប្បុរសរបស់ពួកគេ។ ដូច្នេះ កុមារ ទោះបីជានៅក្មេងក្តី ក៏អាចមានសមត្ថភាពដឹងថាការផ្តល់ឱ្យគឺជាទង្វើល្អ។ សូមចងចាំជានិច្ចថា ទង្វើរបស់យើងជាឪពុកម្តាយស្តែងច្បាស់ជាងសម្តី»៕