មាស សុខសោភា ជាតារាចម្រៀង មួយរូប ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៤ ឱ្យផលិតកម្ម-រស្មីស្ទឹងសង្កែ, ក្រោយមកផ្លាស់ប្ដូរផលិតកម្មជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន នាងកំពុងឈរជើងនៅផលិតកម្ម រៀម របស់អ្នកនាង ស្រីអូន។
មាស សុខសោភា កើតនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ១៩៨៤ នៅ ខេត្តកំពង់ស្ពឺ ដោយមានឪពុក ឈ្មោះ មាស សារឹម អតីតប្រធានមន្ទីរឧស្សាហកម្ម ខេត្តកំពង់ស្ពឺ ហើយម្ដាយឈ្មោះ សុខ វិលន់ ជាអតីតបុគ្គលិកនៅក្នុងមន្ទីរឧស្សាហកម្មនោះដែរ។
សុខសោភា មានបងប្អូន ៣ នាក់ ហើយនាងជាកូនទី ២ នៅក្នុងគ្រួសារ។ កូនច្បងនៅក្នុងគ្រួសារ គឺ លោក មាស សុខរតនៈ ជាអ្នកនិពន្ធបទចម្រៀងផងដែរ បច្ចុប្បន្នលោកគឺជាអ្នកចាត់ការទូទៅប្រចាំផលិតកម្មថោន និង កូនពៅគឺ មាស សុខវណ្ណៈ ជានាយទាហ៊ាន ។
និយាយពីជីវិតគូ, មាស សុខសោភា បានរៀបការជាមួយអាណិកជនខ្មែរ នៅកាណាដា លោកអ៊ិត រ៉ាដា ស្ងាត់ៗតាំងពីជាង១០ឆ្នាំមុន ហើយមហាជន ទើបតែដឹងរឿងនាងរៀបការហើយ ពេលតារាចម្រៀង ឆន សុវណ្ណរាជ ទម្លាយរូបថតពេលរៀបការប៉ុណ្ណោះ។
ដោយឡែកនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតរបស់ខ្លួននោះ មាស សុខសោភា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយសត្វដំរី ហើយពោលពាក្យថា «ក្តីស្រលាញ់ និងក្តីមេត្តាករុណាត្រូវជួយបំពេញអោយគ្នាទៅវិញទៅមក នេះហើយគឺជាភារកិច្ចរបស់មនុស្សជាតិ#ជ្រះថ្លាចិត្តរីករាយថ្ងៃកំណើតក្តីស្រលាញ់Msp»។
តាមរយៈនេះ អ្នកគាំទ្រ និងអ្នកសិល្បៈមួយចំនួន បានជូនពរព្រោងព្រាត។ ក្នុងនោះ តារាចម្រៀង ហ្សូណូ បានបង្ហោះរូបថត១សន្លឹកជាមួយ មាស សុខសោភា ហើយជូនពរម៉ាអែមថា «រីករាយថ្ងៃកំណើតប្អូនស្រី ជូនពរឲ្យសម្រស់កាន់តែស្រស់ស្អាត មានសុខភាពល្អរឹងមាំ មានសេចក្ដីសុខពេញមួយជីវិត ជោគជ័យគ្រប់ភារកិច្ច ទៅណាមកណាជួបតែមនុស្សល្អ Meas Soksophea»៕