គាំទ្រទេ? ឯកឧត្តម ជុំ កុសល ស្នើដល់បងប្អូន ផ្តល់ប្រាក់រង្វាន់ជាច្រើនចំពោះកីឡាកររូបណាប្រកួតឈ្នះ បូខាវ បង្វែរមកជួយព្រំ សំណាង វិញ ព្រោះថា…

នៅ​មុន​ទៅ​ប្រកួត​លើ​សង្វៀន​ Thai Fight នោះ, កីឡាករ ព្រំ សំណាង បានបង្ហាញភាពជឿជាក់​ និងប្តេជ្ញាថា នឹងធ្វើឱ្យបានល្អសម្រាប់ការប្រកួតដំបូងរបស់ខ្លួន​ ពេលត្រូវជួបកីឡាករជនជាតិអង់គ្លេស Thomas Capenter នោះ។

ដូច​ការ​ប្ដេជ្ញា​ចិត្ត, ទីបំផុត ជាងកាត់សក់ដៃឯករូបនេះ បានយកឈ្នះកីឡាករជនជាតិអង់គ្លេស Thomas Capenter ត្រឹមទឹកទី១ប៉ុណ្ណោះ ក្នុងការប្រកួតកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយ​ឈ្នះ​ការ​ប្រកួត កីឡាករ​គុន​ខ្មែរ​ជម្រើសជាតិកម្ពុជារូបនេះ បាន​ទទួល​ការ​សាទរ​ និង​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​។

ទោះយ៉ាងណា មុន ព្រំ សំណាង ចេញទៅប្រកួតនោះ ​, មានព័ត៌មានដ៏ល្បីមួយ ពាក់ព័ន្ធនឹង ប៊ូខាវ អះអាងថា មិនមែនជាខ្មែរ និងបាន​ប្រាប់អ្នកកាសែតថៃថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។

ប្រការនេះ បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាមួយចំនួនប្រកាសឧបត្ថម្ភថវិកាដល់កីឡាកររូបណា ដែលប្រកួតឈ្នះប៊ូខាវ ជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកប្រកាសនេះ ឧកញ៉ា ស្រី ចាន់ថន ត្រូវបានគេចាប់អារម្មណ៍ជាងគេ ដោយលោកប្រកាស​ឧបត្ថម្ភ​​វិឡារ​តម្លៃ​២៧ម៉ឺនដុល្លារ, ឡាន១ និង ថវិកា​បន្ថែមប្រចាំរយៈពេល១០ឆ្នាំនោះ។

ងាកមក ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រោយ​ទទួលដំណឹងព្រំ សំណាង ប្រកួតឈ្នះបរទេសនៅសង្វៀនThai Fightនោះ, ក៏បានបង្ហោះរូបថត អមដោយសារយ៉ាងទទូចនៅថ្ងៃទី៦ ខែកុម្ភៈថា «កីឡាករព្រំ សំណាងបានឈ្នះគូប្រកួតកំរិតពិភពលោកហើយ អាចនិយាយបានថាគាត់( ព្រំ សំណាង)គឺជាកីឡាករគុនខ្មែរមួយរូបដែលមានសក្តានុពល និងមានក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមមេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ ។

ដូច្នេះ ស្នើសុំដល់បងប្អូនទាំងឡាយដែលបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ជាច្រើនចំពោះកីឡាកររូបណាប្រកួតឈ្នះ បូខាវ នោះ សូមបង្វែរមកជួយជ្រោមជ្រែងដល់កីឡាករព្រំ សំណាងវិញ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុុងហ្វឹកហាត់បន្ថែមឲ្យកាន់តែបានល្អថែមទៀត៕»៕

Related posts

Leave a Comment