លោកអ្នកទំនងជាបានជ្រាបរួចមកហើយថា លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅ ក្រោយពីរក្សាខ្លួនឲ្យនៅទំនេររយៈពេលជាងមួយឆ្នាំនោះ។
នារីដ៏ស្រស់ស្អាតនោះ ត្រូវបានគេដឹងថា ឈ្មោះ ហ៊ ម៉ីលី ឆ្នាំនេះ ទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ។ នាង ជាម្ចាស់ហាងលក់មាសពេជ្រ និងការាសសាំងនៅផ្រសាចំបក់ខេត្ដតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។
ក្រោយភ្ជាប់ពាក្យរួចភ្លាមៗ គេមិនឃើញរូបនាង ចេញសារ ឬបង្ហោះរូបថតជុំវិញពិធីភ្ជាប់ពាក្យរបស់ខ្លួននោះឡើយ។ តែនៅថ្ងៃសៅរ៍ទី២៦ ខែមីនា នេះ បានបង្ហាញវត្តមានដើរលេងកម្សាន្តជាមួយលោក ឌួង ឆាយ និងកូនៗរបស់លោក នៅទឹកឈូ ខេត្តកំពត យ៉ាងស្និទ្ធស្នាល និងមានក្ដីសុខ។
លុះនៅយប់ថ្ងៃដដែលនេះ ក៏បានបង្ហោះរូបថតមួយសន្លឹកនៃពិធីភ្ជាប់ពាក្យខ្លួនលើហ្វេសប៊ុកលើកដំបូង ហើយរៀបរាប់ថា «ពិធីពិសាស្លាដក់កន្សែង។ ជាដំបូងខ្ញុំសូមអរគុណដល់ម៉ាក់និងប៉ាទាំងសងខាងជាងពិសេសអ្នកម៉ាក់ក្មេក ដែលបានធ្វើកម្មវិធីមួយនេះឡើងមកដោយ ពោរពេញទៅដោយភាពកក់ក្ដៅ ដែលមានបងប្អូនទាំងសងខាងបានមកចូលរួម។
សូមអរគុណដល់អនាគតលោកស្វាមីដែលបានមើលថែអូន ស្រលាញ់អូនផ្ដល់ភាពកក់ក្ដៅ និងស្រលាញ់គ្រួសារអូន អូននឹងមើលថែបងដូចដែលបងបានមើលថែអូនយ៉ាងល្អកន្លងមក សូមអរគុណអនាគតលោកស្វាមីបងជាបុរសដ៏ល្អម្នាក់សម្រាប់អូន។ អូនសូមសន្យាថា នឹងស្រលាញ់មើលថែអ្នកម៉ាក់ កូនៗ និងបងអោយបានល្អជាទីបំផុត។ អរគុណបងដែលចូលតាមប្រពៃណី ដែលច្បាស់លាស់ជាមួយអូន អរគុណខ្លាំងណាស់។»។
ដោយឃើញបែបនេះ លោក ឌួង ឆាយ បានចែករំលែកសារនេះ ចូលទំព័រហ្វេសប៊ុករបស់ខ្លួន ហើយនិយាយថា «ចង់ស្វែងរកភរិយាស្អាតមិនពិបាកនោះទេ។ ប៉ុន្តែអ្វីដែលពិបាកជាទីបំផុតនោះគឺត្រូវស្វែងរកនារីដែលល្អបរិសុទ្ធ ស្អាតទាំងរូបកាយ ស្អាតទាំងចិត្ត មានគ្រួសារវង្សត្រកូលថ្លៃថ្នូរ គោរពប្រតិបត្តិ ប្រពៃណី សក្តិសមជានារីខ្មែរ។ ឌួង ឆាយ»។
តែអ្វី ដែលមិននឹកស្មានដល់នោះ គ្រាន់តែចេញមុខលើកដំបូង គណនីហ្វេសប៊ុករបស់អនាគតភរិយាលោក ឌួង ឆាយ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក ផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារតែមានអ្នកអែដមកច្រើនពេក។
ដោយសារតែហេតុនេះហើយ ទើបលោក ឌួង ឆាយ ប្រកាសនៅមុននេះបន្តិចថា «សូមជូនដំណឹងគណនីហ្វេកបុក Facebook របស់អនាគតភរិយាខ្ញុំត្រូវបានក្រុមហ៊ុនផ្អាកជាបណ្តោះអាសន្នពីព្រោះពូមីងបងប្អូនស្រលាញ់រាប់អានខ្ញុំអេត Add ទៅច្រើនពេកណាបាទ»៕