អ្នកតាមដានព័ត៌មានសិល្បៈ ច្បាស់ជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ តារាសម្ដែង និងបង្ហាញម៉ូត ទឹម រដ្ឋា បានចូលរោងការ បញ្ចប់ភាពនៅលីវ ជាមួយនឹងលោកJovany Antonio ក្រោយពីមានទំនាក់ទំនងជាមួយគ្នារយៈពេល៦ឆ្នាំ។
ក្នុងការទាក់ទងគ្នារយៈពេល៦ឆ្នាំនោះ ក្នុងឆ្នាំទី៥ ពោល គឺកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ម្ចាស់ស្នេហ៍របស់ទឹម រដ្ឋា លោកJovany Antonio បានបំពាក់ចិញ្ចៀនសុំរៀបការ ហើយនាងក៏ទទួលយកសំណើនេះ រហូតឈានដល់ថ្ងៃរៀបការជាផ្លូវការដូចខាងលើនោះតែម្ដង។
កម្មវិធីរបស់ពួកគេ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ធ្វើឡើងនៅឯ គេហដ្ឋានលេខ34, ផ្លូវM8, បុរី The Mekong Royal, (ផ្លូវជាតិលេខ 6A) ខណៈនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កម្មវិធីជួបជុំ ពិសាភោជនាហារ ធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារបារាំង ទល់មុខ បុរីវរជន)។
មង្គលការរបស់តួឯកស្រីក្នុងបទចម្រៀង «ចាំទាំងត្រដរ»របស់លោក ឆន សុវណ្ណរាជ រូបនេះ ពិតជាមានភាពអស្ចារ្យខ្លាំងណាស់ ដោយអ្នកចូលរួម សុទ្ធតែតារាល្បីៗ ជាមួយនឹងការស្លៀកពាក់ តុបតែងខ្លួន ទាក់ភ្នែកតែម្ដង។
វត្តមានតារាល្បីៗទាំងនោះ មានដូចជា ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន, តារាសម្តែង នី មុន្នីនាថ, តារាចម្រៀង ឆន សុវណ្ណរាជ, តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា, អ្នកនាង សុគន្ធ និសា,តារាសម្តែង សារ៉ាយ សក្ខណា, នាយ ព្រែក, តារាសម្តែង ឈិន មុន្នីនាថ, តារាសម្តែង ចន ច័ន្ទលក្ខិណា, អ្នកនាង ឱក សុគន្ធកញ្ញា, តារាកំប្លែងជើងចាស់ ចាបចៀន, ពិធីករ ជា វណ្ណារិទ្ធ, Jimmy Meng, តារាសម្ដែង ឆឹម សក្កដា, តារាសម្តែង គឹម លីហ្សា, លោក អេនឌី ជាដើម។
អ្វីជាការចាប់អារម្មណ៍នោះ ក្រៅពីវត្តមានតារាល្បីៗចូលរួម ងាកមកមើលគ្រឿងអលង្ការ ដែលទឹម រដ្ឋា ចំណាយសម្រាប់ពាក់ក្នុងថ្ងៃ មង្គលការរបស់ខ្លួនធ្វើឡើងពីត្បូងរតនគិរី លោមដោយពេជ្រ ធម្មជាតិ ១ខ្សែមានតម្លៃ ១៥ម៉ឺនដុល្លារ និងក្រវិល រួមទាំងចិញ្ចៀនពេជ្រ សរុបជាទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ឯណោះ។
បើក្រឡេកទៅមើលរ៉ូប២ទៀតរបស់នាង ក៏មានលក្ខណៈពិសេស ទាក់ភ្នែក ជាមួយនឹងតម្លៃមិនធម្មតា ផងដែរ ដោយ រូបពណ៌ស មានទម្ងន់រហូតដល់ទៅ២៤ គីឡូ ប្រើក្រណាត់អស់២៩ ម៉ែត្រ មានតម្លៃ ជិត៨ពាន់ដុល្លារឯណោះ រីឯរូបមួយទៀត ពណ៌ទឹកមាស ជាង១ម៉ឺនដុល្លារ។
ដូច្នេះ គ្រាន់តែ សរុប រ៉ូប២នេះ ជាមួយនឹងគ្រឿងអលង្ការ របស់ ទឹម រដ្ឋា ពាក់ក្នុងថ្ងៃមង្គលការរបស់ខ្លួននេះ ចំណាយជិត៣០ម៉ឺនដុល្លារឯណោះ ពិតជាញឹកសាច់ខ្លាំងណាស់។ ពាក់រូបនេះហើយ ទឹម រដ្ឋា ប្រាប់ថា ខ្លួនស្រក់ទឹកភ្នែកតែម្ដង ជាទឹកភ្នែក សុភមង្គល ទឹកភ្នែកសប្បាយ៕ ដើម្បីកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖