កាលពីពេលថ្មីៗកន្លងទៅនេះ Quoteមួយរបស់ទំព័រហ្វេសប៊ុក Business Cambodia ដែលភ្ជាប់ជាមួយរូបថតរបស់លោក សំ កុសល ស្ថាបនិក ស្ថាប័នខាងលើ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម បង្ហាញការមិនពេញចិត្ត ធ្វើការវែកញែកព្រោងព្រាត។
Quoteនោះ បានសរសេរថា «អ្នកក្រហូបបាយរួចស្រមៃឃើញកន្លែងគេងហើយ មនុស្សគ្មានគោលដៅ សៅរ៍ អាទិត្យ ដេកលក់ស្រួលណាស់»។ Quoteនេះហើយ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន ក្នុងចំណោមអ្នកប្រតិកម្មនោះ ក៏មានលោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បីផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានស្ក្រីនសតQuoteខាងលើ ហើយគូសញ្ញាខ្វែង រួចបង្ហាញទស្សនៈរបស់ខ្លួនថា «មានបានតិចតួចមើលងាយអ្នកក្រម្ល៉េះហា ? លោកឯងសល់ប៉ុន្មានពាន់លានហើយ ? បងប្អូនយល់យ៉ាងណាដែរចំពោះ ទ្រឹស្ដីរបស់ ម្នាក់នេះ ? ខ្ញុំអោយសូន្យ»។
បន្ថែមលើនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានបង្ហោះរូបថតរបស់ខ្លួនកំពុងសម្រាកលើឡានទំនើប ហើយដាក់ផ្លែថា «ក្រក៏ក្រទៅហូបបាយថ្ងៃត្រង់ហើយសម្រាកមួយភ្លែតសិនដើម្បីសុខភាព បើអត់ដេកដូចគ្រូជោគជ័យខ្លះថា ប្រយ័ត្នស្លា-ប់ចោលការងារចោលលុយ ។ មានសុខភាពល្អ ទើបមានអ្វីៗគ្រប់បែបយ៉ាង»។
រហូតមកដល់ពេលនេះ គេមិនឃើញ Business Cambodia ឬលោក សំ កុសល ជាស្ថាបនិក ធ្វើការបកស្រាយពន្យល់នៅឡើយទេ។ តែបើតាមមតិមួយចំនួននៅលើបណ្ដាញសង្គមយល់ថា ពាក្យអ្នកក្រនេះ ចង់សំដៅទៅលើ អ្នកក្រគំនិត, មនុស្សខ្ជិល មិនមែនជាការមើលងាយឡើយ៕