លា​រហូត​ហើយ! ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​​​ចូលរួម​ជូន​ដំណើរ​​​​លើក​ចុងក្រោយ​, ប្ដី​ស្រី​អូន រៀបរាប់ថា​…(មានវីដេអូ)

មរណភាព​របស់​ ស្ត្រី​ឈ្មោះ សឿន ស្រីអូន អាយុ​២២ឆ្នាំ កាលពី​ទៀបភ្លឺថ្ងៃទី១៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​ក្លាយ​ជា​រឿង​ដ៏​រំជួលចិត្ត​សម្រាប់​មហាជន​ទូទាំង​ប្រទេស ពិសេស​ ពេល​បាន​ឃើញ​ វីដេអូ​ពេល​នាង​នៅ​មាន​ជីវិត​ជួប​ជុំ​គ្រួសារ​យ៉ាង​មាន​ក្ដី​សុខ និង​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​មុន​ពេល​ផុត​រលត់​នោះ។

កាលនៅមានជីវិតនោះ, ស្រីអូន បានចូលសម្រាក នៅគ្លីនិកដើមអង្គ្រង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លា–ប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិក បានធ្វើការព្យាបាលដោយ រំលូ–តយកកូនដែលស្លា–ប់ក្នុងផ្ទៃចេញ ដោយទាំងពោះវៀន ធ្វើឲ្យនាងធ្លាក់ខ្លួនឈឺតាំងពីពេលនោះមក។

តាំង​ពី​ពេល​នោះ​ ករណីរបស់ស្រីអូន បានក្លាយជារឿងដ៏រំជើបរំជួលទូទាំងប្រទេស ហើយថ្នាក់​ដឹក​នាំ​ក៏បានយកចិត្តទុកដាក់ផ្ដល់ថវិកាជាបន្តបន្ទាប់ រហូតដល់ក្រោយនាងបាត់បង់ជីវិតទៅហើយនោះ ក៏នៅតែយកចិត្តទុកដាក់ដដែល។

ជាក់ស្ដែង ក្រៅ​ពី​ការ​ឧបត្ថម្ភ​​ថវិកា​ជា​បន្តបន្ទាប់​ពេល​ស្ត្រី​ដ៏​កម្សត់​ខាង​លើ​នៅ​មាន​ជីវិត​ហើយ​នោះ , ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថែម​ទាំង​ចំណាយ​ពេល​ដ៏​មមាញឹក​អញ្ជើញ​ចូលរួម​ជូន​ដំណើរ​ស្រីអូន លើកចុងក្រោយ ដោយ​ផ្ទាល់ថែមទៀតផង។

ឆ្លើយតប​ទៅ​នឹង​ទឹកចិត្ត​ដ៏​ប្រពៃ​មិន​អាច​កាត់​ថ្លៃ​បាន​នេះ, ប្ដីរបស់ស្រីអូន នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹក ហើយ​ធ្វើការ​ថ្លែង​អំណរគុណ​ថា «ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនឯកឧត្តមអ៊ំ ហោ ណាំហុង ដែលបានអញ្ជើញមកដោយផ្ទាល់ ដើម្បីជូនដំណើរភរិយាខ្ញុំបាទជាលើកចុងក្រោយ​
ក៏ដូចជាមានប្រសាសន៍ ណែនាំលើកទឹកចិត្តដល់រូបខ្ញុំបាទ។

សូមជម្រាបផងដែរថា ថវិកា ដែលឯកឧត្តមអ៊ំបានជួយនាពេលកន្លងមកមានចំនួន(៤០លានរៀល)និង(15000$) ខ្ញុំបាទដំណាងឱ្យក្រុមគ្រួសារ សាច់ញាតិ សូមគោរពជូនពរឯកឧត្ដមអ៊ំ ជួប​ប្រទះ​នូវពុទ្ធពរបួនប្រការគឺ អាំយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ !»។

គួរបញ្ជាក់ថា ពិធីបុណ្យសពរបស់ស្រីអូន ធ្វើឡើងនៅផ្ទះម្ដាយក្មេករបស់នាង ស្ថិតក្នុង​ នៅផ្ទះ​ ភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត ក្រោម​ទិដ្ឋភាព​ស្រណោះ​អាឡោះអាល័យ​ជាទីបំផុត ពីមហាជនទូទាំងប្រទេស៕​


Related posts

Leave a Comment