ក្រុមអ្នកស្រាវជ្រាវចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វីរុសកូរ៉ូណាថ្មីអាចមាននៅក្នុងទឹកកាមរបស់បុរសបើទោះបីជាពួកគេបានចាប់ផ្តើមជាសះស្បើយក៏ដោយ។
ក្រុមការងារមួយនៅមន្ទីរពេទ្យក្រុង Shangqiu បានធ្វើតេស្តលើអ្នកជំងឺបុរសចំនួន៣៨នាក់ដែលត្រូវបានព្យាបាលនៅពេលវិបត្តិជំងឺរាតត្បាតហក់ឡើងខ្ពស់ក្នុងប្រទេសចិនកាលពីខែមករានិងខែកុម្ភៈ។
ក្រុមនេះបានរាយការណ៍ក្នុងទស្សនាវដ្តី JAMA Network Open ថា ប្រហែលជា១៦ភាគរយនៃពួកគេមានភស្តុតាងនៃវីរុសកូរ៉ូណានៅក្នុងទឹកកាមរបស់ពួកគេ។ ក្រុមនេះបានរាយការណ៍ថា ប្រហែលមួយភាគបួននៃពួកគេស្ថិតគឺក្នុងដំណាក់កាលធ្ងន់ធ្ងរនៃការឆ្លងហើយជិត៩ភាគរយនៃពួកគេកំពុងជាសះស្បើយ។
លោក Diangeng Li នៃមន្ទីរពេទ្យ Chinese People’s Liberation Army General បាននិយាយថា “យើងបានរកឃើញថា មេរោគ SARS-CoV-2 នៅតែអាចមានវត្តមានក្នុងទឹកកាមរបស់អ្នកជំងឺ COVID-19 ហើយ SARS-CoV-2 នៅតែអាចត្រូវបានរកឃើញនៅក្នុងទឹកកាមរបស់អ្នកជំងឺដែលជាសះស្បើយ”៕
