កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ និយ័តករអាជីវកម្មចលនវត្ថុ និងបញ្ចាំ បាន ចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ឈប់សកម្មភាព អាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ធ្វើឲ្យម្ចាស់គម្រោង២នាក់ប្ដីប្រពន្ធឡាយវីដេអូរៀបរាប់ទាំងទឹកភ្នែក។
យោងតាមសេចក្ដីជូនដំណឹងខាងលើ មានខ្លឹមសារដូច្នេះថា «និយ័តករអាជីវកម្មចលនវត្ថុ និងបញ្ចាំ (ន.អ.ប) សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា ៖ គម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាន្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប. ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ជី និងជាមួយអតិថិជន ដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។
ហេតុនេះដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគឺពាក់ព័ន្ធ កន្លងមក ន.អ.ប. បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្នេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងដូចខាងលើជាបន្ទាន់ ដូចជា ៖ ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្នរហូតដល់ ន.អ.ប. សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិ វា ទជាមួយម្ចាស់ដីរួចរាល់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងអតិថិជនរបស់គម្រោងទី២៩ខាងលើចូលរួមសហការប្រកបដោយប្រសិទ្ធភាពខ្ពស់»។
ក្រោយពីសេចក្ដីជូនដំណឹងនេះ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ម៉ន ដានី និងស្វាយមី បានចេញវីដេអូរៀបរាប់ទាំងទឹកភ្នែកបញ្ជាក់ពីការចាយលុយ១២លាន និង៧សែនដុល្លារ ដើម្បីទិញដី។ ប៉ុន្តែអត់បានប្លង់ ថែមទាំងត្រូវម្ចាស់ដី ដែលព្រមព្រៀងលក់ឲ្យ ប្ដឹងថែមទៀត។
ជុំវិញរឿងនេះ លោកស្រី ម៉ន ដានី បានបញ្ជាក់ថា ខាងមេធាវី បានផ្ដល់យោបល់ឲ្យដាក់ពាក្យបណ្ដឹងដែរ តែប្ដីរបស់អ្នកស្រី គិតគូរដល់ផលប្រយោជន៍អតិថិជន សុខចិត្តអត់ដាក់ពាក្យបណ្ដឹង។
ផ្ទុយពីការលើកឡើងខាងលើនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឆ្លើយក្នុងប្រព័ន្ធតេឡេក្រាមថា«ករណីបុរី ម៉ន ដានី នៅស្រុកគងពិសី គឺ ៖ ឈ្មោះ ម៉ន ដានី និងប្តី បានទិញដីពីឈ្មោះ សូ សុវណ្ណ និងប្រពន្ធ មានទំហំដី ៥០ហិកតា ស្មើនឹង ៦ប័ណ្ណ និងបានផ្ទេរកម្មសិទ្ធិ មកឈ្មោះ ម៉ន ដានី និងប្តីរួចអស់ហើយ ព្រមទាំងប្តូរប្រភេទដី និងបង្រួមក្បាលដីរួចអស់ហើយ។ ប៉ុន្តែតាមការរាយការណ៍ពីប្រធានការិយាល័យ ស/ភ (សំណង់ភូមិបាល) ថា ភាគីអ្នកទិញ ពុំទាន់ទូទាត់ប្រាក់ឲ្យថ្លៃដីបង្គ្រប់នៅឡើយ ទើបភាគីអ្នកលក់ សូ សុវណ្ណ បានដាក់ពាក្យប្តឹង រក្សាការពារដី ចំនួន ១៣ប័ណ្ណផ្សេងទៀត ដែលភាគី ម៉ន ដានី មិនទាន់ទូទាត់ប្រាក់ តាមកិច្ចសន្យា។ ម-ន្ទីរ នឹងអញ្ជើ-ញគូភាគី មកដោះស្រាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សប្តាហ៍ក្រោយ»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ អ្នកទិញផ្ទះ ក្នុងបូរី ម៉ន ដានីជាច្រើននាក់ បានមកជួបជុំគ្នា នៅទីស្នាក់ការក្រុមហ៊ុន ម៉នដានី រៀលអ៊ីស្ទេត ឯ.ក របស់លោកស្រី ម៉ន ដានី។ បើតាមគណនីហ្វេសប៊ុកឈ្មោះ «Ngin Sochetra» បានបញ្ជាក់ថា «អតិថិជនមកជួបជុំនេះ គឺមិនមែនមានបញ្ហាវិវាទជាមួយម្ចាស់បុរីទេ គឺពួកគាត់មកគាំទ្រម្ចាស់បុរីក្នុងការដោះស្រាយជាមួយម្ចាស់ដី។ សូមអរគុណ»។ ដោយឡែក ប្រភពខ្លះទៀតថា ការមកនេះ ដើម្បីតវ៉ារឿងបង់លុយហើយ អត់ឃើញផ្ទះ នៅគំរោងទី២៩ ស្ថិតនៅផ្លូវជាតិលេខ ៣ ឃុំព្រះនិពាន្វ និងផ្លូវលេខ ៥១ ក្នុងខេត្តកំពង់ស្ពឺ៕