ក្រោយពីបង្ហោះរូបថតជាច្រើនសន្លឹកនៃពិធីភ្ជាប់ពាក្យរបស់ខ្លួននោះ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក ឌួង ឆាយ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍ខ្លាំងណាស់ តាមរយៈការបង្ហោះសារបញ្ជាក់ជំហររបស់ខ្លួននោះ។
លោក ឌួង ឆាយ បានបញ្ជាក់ថា «គ្មានបុគ្គលណាម្នាក់ ដែលល្អឥតខ្ចោះនោះទេ ចំពោះខ្ញុំ ក៏មិនអាចនិយាយបានថា ខ្លួនខ្ញុំល្អដែរ។ ខ្ញុំមានតែខិតខំព្យាយាម។ ធ្វើជាមនុស្ស អ្វីដែលសំខាន់បំផុតនោះ គឺត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ ហ៊ានធ្វើក៏ត្រូវតែហ៊ានទទួល ជាពិសេសគឺមិនលោភលន់ចង់បានទ្រព្យសម្បតិ្តអ្នកដទៃ។
មនុស្សអាក្រក់ មិនដែលចេះធ្វើរឿង ដែលថ្លៃថ្នូរ ជាពិសេសនោះ គឺអំពើ ដែលនាំឲ្យប្រាសចាកប្រពៃណី និងសីលធម៌។ កូនប្រុសដើមទ្រូង៥ ហត្ថរស់នៅមិនលាក់លៀម រស់មិនឈ្មោះស្លាប់មិនប្តូរត្រកូល ឌួង ឆាយ។
គួរបញ្ជាក់ថា ក្រោយពីលែងលះជាមួយអ្នកនាង ដេត ម៉ាលីណា រយៈពេលជាង១ឆ្នាំនោះ លោកឌួង ឆាយ បានសម្រេចភ្ជាប់ពាក្យជាមួយនារីវ័យ១៨ឆ្នាំម្នាក់ តាមទំនៀមទម្លាប់ប្រពៃណី កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។
អ្វី ដែលកាន់តែចាប់អារម្មណ៍នោះ លោក បានទទួលនូវស្នាមញញឹមពិតៗ ក្រោយជួបរឿងអាក្រក់ក្នុងជីវិតជាច្រើន និងបានផ្ដល់តម្លៃ គោរព ស្រឡាញ់ សរសើរ អនាគតឧត្ដមភរិយារបស់លោក មិនដាច់ពីមាត់។
ចំណុចនេះ អាចបញ្ជាក់បានថា លោក មិនបានធ្វើប្រាសចាកប្រពៃណី និងសីលធម៌ឡើយ។ លោក ហ៊ាន ស្រឡាញ់ ហ៊ាន ចូលស្ដីដណ្ដឹង ហ៊ាន ប្រកាសជាសាធារណៈ (បើទោះរាងយឺតបន្តិចក៏ដោយ) សមជាបុរសដើមទ្រូង៥ហត្ថមែន៕