គណបក្សកុម្មុយនិស្តចិនបានប្រារព្ធខួបលើកទី៧០នៃការកាន់អំណាចរបស់ខ្លួនជាមួយនឹងក្បួនព្យុហយាត្រាមួយកាលពីថ្ងៃអង្គារដើម្បីបង្ហាញពីកំណើនសេដ្ឋកិច្ចនិងអាវុធថ្មីបំផុតរបស់ខ្លួន។
ព្រឹត្តិការណ៍ដែលផ្សាយតាមទូរទស្សន៍ជាតិនេះបានបើកជាមួយឆ្មាំកិត្តិយសយោធាកាន់ទង់ជាតិចិនឆ្លងកាត់ទីលាន Tiananmen ដែលជាបេះដូងនយោបាយជានិមិត្តរូបរបស់ប្រទេសនេះនៅចំពោះមុខអ្នកទស្សនារាប់ពាន់នាក់ដែលគ្រវីទង់។ កាំភ្លើងធំបានបាញ់ដើម្បីជាការគោរព។ លោកប្រធានាធិបតី Xi Jinping និងមេដឹកនាំចិនផ្សេងទៀតរួមទាំងអតីតប្រធានាធិបតី Hu Jintao និងលោក Jiang Zemin ផងដែរបានចូលរួមនៅលើមហាវិថី Heavenly Peace។
លោក Xi បានថ្លែងសុន្ទរកថាពីវេទិកា Tiananmen ដែលជាកន្លែងលោកប្រធាន ម៉ៅ សេទុង បានប្រកាសពីសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ខែតុលាឆ្នាំ១៩៤៩ថា “គ្មានកម្លាំងណាមួយអាចធ្វើឲ្យរង្គោះរង្គើគ្រឹះនៃប្រជាជាតិដ៏អស្ចារ្យមួយនេះបានឡើយ”។
ខាងក្រោមនេះគឺជាទិដ្ឋភាពនៃក្បួនព្យុហយាត្រាដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសចិន៖