ប្រិយមិត្ត មួយចំនួន ទំនងជា បានជ្រាបរួចមកហើយ នូវខ្សែជីវិតរបស់អតីតពលករប្រទេសកូរ៉េ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកើតចេញពីត្រកូលកសិករ និងមានស្រុកកំណើត នៅភូមិ ត្រពាំងសាលា ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏ជាអ្នកដែលតស៊ូខ្លាំងបំផុតដើម្បីចាកចេញពីភាពក្រីក្រ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ក្នុងជីវិត មុននឹងក្លាយជាអ្នកជំនួញដ៏ជោគជ័យ មានលុយវាល់លានដូចពេលបច្ចុប្បន្ននេះ។ ស្របពេលកំពុងជោគជ័យ អ្នកឧកញ៉ាវ័យក្មេងរូបនេះ មិនភ្លេចឡើយនូវទិដ្ឋភាពអតីតកាលមួយចំនួន ហើយរឿងខ្លះបានត្រឹមតែលាក់ក្នុងចិត្តមិនហ៊ានហាស្ដីប្រាប់អ្នកណាឡើយ។
ទោះយ៉ាណា ពេលនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដាច់ចិត្តទម្លាយរឿងរ៉ាវអតីតកាល ដែលមិនអាចបំភ្លេចបានរបស់ខ្លួនហើយ កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រោយពីបានលាក់វាទុករយៈពេលជាង១០ឆ្នាំ ព្រោះគិតថាខ្មាសគេនោះ។
បង្ហោះភ្ជាប់ជាមួយរូបថត ១សន្លឹក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបរាប់ថា «យប់នេះ……នឹកឃើញអនុស្សាវរីយ៍រឿងមួយ កាលជាងដប់ឆ្នាំមុន… ពេលនោះខ្ញុំទំនេរពីធ្វើការក៏ឆ្លៀតរុញរទេះដើររើសអេតចាយ ខ្ញុំនៅមិនទាន់ស្គាល់ភ្នំពេញច្បាស់ទេ ដោយកន្លែងលក់អេតចាយ នៅទីលានចាក់សំរាមស្ទឹងមានជ័យ។ ខ្ញុំបានកក់លុយគេតិចតួចគេឱ្យរទេះ អេតចាយ ដើម្បីដើររើសយកមកលក់ឱ្យគេ។
ខ្ញុំរុញរទេះដើរវែកក្នុងថង់សំរាមតាមផ្ទះល្វែង ដើម្បីរើសអេតចាយ ខ្ញុំនៅចាំដូចស្រពេចស្រពិល នៅខាងក្រោយសាលាសាមគ្គី នៅខាងមុខផ្ទះល្វែងគេមានថង់សំរាម នៅក្បែរថង់សំរាមមានកាំបិតផ្គាក់ចាស់ច្រេសចាប់ ហើយអត់មានដងកាន់ទេ
ខ្ញុំគិតថា គេបោះចោល ក៏រើសដាក់ចូលក្នុងរទេះទៅ ពេលនោះម្ចាស់ផ្ទះអើតមើលខ្ញុំ ហើយខ្ញុំក៏រុញរទេះដើរមកមុខ ស្រាប់តែម្ចាស់ផ្ទះនោះបើកទ្វារចេញមក រកកាំបិតមិនឃើញបានស្រែកឮៗថា ចោរៗៗៗៗៗៗ អ្នកជិតខាងចេញមកព្រោងព្រាតស្រែកកំហកឱ្យខ្ញុំឈប់ គាត់ប្រើពាក្យថា(ឈប់ភ្លាមហែងឈប់ភ្លាម!!)
ខ្ញុំភ័យឡើងញ័រហើយក៏ឈប់ មនុស្សទាំងអស់ដើរសំដៅយ៉ាងលឿនមករកខ្ញុំ ម្ចាស់ផ្ទះ ដើរមកដល់ឱនយកកាំបិត ហើយចង្អុលមុខថាឱ្យខ្ញុំ។ ខ្ញុំនៅតែស្រមើស្រមៃទិដ្ឋភាពនោះនៅក្នុងភ្នែក ខ្ញុំពិតជាបាក់ទឹកចិត្តណាស់ពេលនោះ តែមិនហ៊ានប្រាប់នរណាដល់ថ្ងៃនេះ ព្រោះគិតថាខ្មាសគេ»។
ក្រោយពីបានអានសារនេះហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្ដែងការអាណិតចំពោះជីវិតអតីតកាលរបស់អ្នកឧកញ៉ា ក្នុងនោះ តារាចម្រៀង វ័យក្មេង តន់ ចន្ទសីម៉ា ក៏បានចែករំលែកចូលក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងស្ទីកឃ័រ បង្ហូរទឹកភ្នែកទៀតផង៕