ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃចន្ទនេះថា ទាហានជើងទឹកអ៊ីរ៉ង់យ៉ាងតិច២០នាក់ត្រូវបានសម្លាប់និងច្រើននាក់ទៀតរងរបួសនៅក្នុងឧប្បត្តិហេតុមួយលើនាវាយោធាមួយគ្រឿងអំឡុងការធ្វើសមយុទ្ធនាវាជើងទឹកក្នុងឈូងសមុទ្រអូម៉ង់។
ទូរទស្សន៍រដ្ឋបានផ្សាយថា “ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតកំពង់ផែ Jask ភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៃឈូងសមុទ្រអូម៉ង់អំឡុងសមយុទ្ធកងទ័ពជើងទឹកអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ។ មនុស្សចំនួន២០នាក់បានស្លាប់និងជាច្រើននាក់ទៀតរងរបួស”។
ភ្នាក់ងារព័ត៌មាន Fars បានរាយការណ៍ថា ឧប្បត្តិហេតុនេះបានកើតឡើងលើនាវា Konarak ដែលបានចូលរួមក្នុងកងនាវាចរកាលពីឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បាននិយាយថា នាវាមួយគ្រឿងផ្សេងទៀតបានច្រលំបាញ់មីស៊ីលចូលនាវា Konarak អំឡុងពេលធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
ទីភ្នាក់ងារសារព័ត៌មានដដែលនេះបានបន្តថា “នាវាចម្បាំង Jamaran របស់អ៊ីរ៉ង់បានច្រលំដៃបាញ់មីស៊ីលដាក់នាវា Konarak”៕