និយាយដល់ឈ្មោះ ពេជ្រ ចរណៃ ប្រិយមិត្តច្បាស់ជា បានជ្រាបហើយថា ក្រៅតែអាជីពជាតារាសម្ដែង រូបនាង ក៏មានជំនាញយ៉ាងប៉ិនប្រសព្វខាងផ្នែកក្បាច់គុនបុរាណខ្មែរ គឺគុនល្បុក្កតោខ្មែរ ផងដែរ។
ជារឿយៗ តារាសម្ដែងស្រី រូបនេះ តែងតែបំផុសគំនិតដល់យុវជនឱ្យចូលរួមលើកស្ទួយសិល្បៈវប្បធម៌របស់ខ្មែរដូចជា ក្បាច់គុនល្បុក្កតោ ល្ខោនខោល ជាដើម ហើយថែមទាំងហាត់ខ្លួនឯងទៀតផង រហូតមានអ្នកខ្លះលើកជាចម្ងល់ថា រូបនាងខិតខំបែបនេះ ដើម្បីអ្វីទៅ។
ជាការឆ្លើយតបជុំវិញរឿងនេះ ពេជ្រ ចរណៃ បានបង្ហោះរូបថតជាច្រើនសន្លឹកនៅព្រឹកថ្ងៃទី២ ខែមេសា ហើយបញ្ជាក់ថា «សំនួរជាច្រើន តែសុំលើកយកសំនួរនេះមកឆ្លើយ ព្រោះមានអ្នកសួរច្រើនជាគេ!
សំនួរ ហើយខំម្លេះ ខំដើម្បីអី? ហើយហាត់ល្បុក្កតោនឹងបានប្រយោជន៍អី?ដូចជាគ្មានឃើញប្រយោជន៍អីផង? បើលុយ គឺជាផលប្រយោជន៍ នោះប្រហែលជាគ្មានពួកយើងដែលជាអ្នកស្រឡាញ់ និងផ្សព្វផ្សាយវប្បធម៌ខ្មែរឡើយ។
ផលប្រយោជន៍របស់យើង គឺបានចូលរួមថែរក្សា ការពារ និងផ្សព្វផ្សាយនូវសម្បត្តិដ៏មហាសាលដែលដូនតាបុព្វបុរសយើងបានបន្សល់ទុកអោយកូនចៅគ្រប់ជំនាន់ ! បានទាំងសុខភាព រាងកាយរឹងមាំ ហើយក៏អាចការពារខ្លួនបានដែរ ប្រើបេះដូងក្នុងការបម្រើតួនាទីដើម្បីបំពេញកាតព្វកិច្ចទើបអាចធ្វើការងារដើម្បីសង្គមនិងវប្បធម៌បាន»៕