គេនៅចាំបានថា តារាស្រីTangmo បានធ្លាក់ចូលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ពីទូកល្បឿនលឿនជាមួយអ្នករួមដំណើរ៥នាក់ផ្សេងទៀតជិះលើនោះ។ សាកសពរបស់នាង ត្រូវបានគេរកឃើញពីរថ្ងៃក្រោយមកនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលឧប្បត្តិហេតុកើតឡើងនៅជិតផែ Pibul 1 ក្នុងខេត្ត Nonthaburi។
រហូតមកដល់ពេលនេះ មានរយៈពេលជាង១ខែទៅហើយ សំណុំរឿងរបស់នាងនៅមិនទាន់បញ្ចប់នៅឡើយ ហើយហាជនថៃ កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារថា លទ្ធផលចុងក្រោយនៃការស្លាប់របស់នាងបណ្ដាលមកពីអ្វីឲ្យប្រាកដនោះ។
មនុស្សចំនួន៥នាក់នៅលើទូកជាមួយTangmoក្នុងអំឡុងពេលនាងធ្លាក់ចូលទឹកទន្លេនោះរួមមាន លោកTanupat “Por” Lerttaweewit, លោកPhaiboon “Robert” Trikanjananun, នាងIdsarin “Gatick” Juthasuksawat, នាងWisapat “Sand” Manomairat និង លោកNitas “Job” Kiratisoothisathorn។
ងាកមកលោក Decha Kittiwitthayananចាប់តាំងពីតែងតាំង ជាមេធាវីទទួលខុសត្រូវលើសំណុំរឿងក្តីការស្លាប់របស់តារាសម្ដែងស្រី Tangmo Nida មក ពេលនេះមេធាវីរូបនេះ បានបង្ហោះពីដំណើរការរឿងក្តីបន្ថែម ដោយរំពឹងថា ក្រុមមនុស្សទាំង ៥ នាក់នៅលើទូកនឹងត្រូវកាត់ទោសទាំងអស់។
កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់មេធាវីរូបនេះ បានបង្ហោះដំណឹងថ្មីក្នុងដំណើរការរឿងសំណុំរឿងរបស់ Tangmo ដោយសរសេររៀបរាប់ថា ៖ «ម៉ោង ៣:០០ រសៀល Sand នឹងចូលខ្លួនមកជួបមន្រ្តីស៊ើបអង្កេត។ ហើយថ្ងៃនេះ (ថ្ងៃ ០៣ ខែមេសា) អាចនឹងមានដំណឹងល្អបន្ថែមទៀត ដែលត្រូវកាត់ទោសបន្ទាប់។ ជឿខ្ញុំចុះ ក្រុមមនុស្សទាំង ៥ នាក់នៅលើទូកមិនរួចខ្លួនទេ/កាត់ទោសទាំងអស់»។
យ៉ាងណាមិញ ករណីនេះគឺជារឿងដែលសង្គមផ្តោតការតាមដានជាខ្លាំង ហើយជាករណីមួយដែលត្រូវបានគេឃ្លាំមើលដោយរង់ចាំការសន្និដ្ឋាននឹងបញ្ចប់ទៅយ៉ាងដូចម្តេច។ នៅពេលដែលមេធាវី Decha បង្ហោះបែបនេះភ្លាម ក៏មានមហាជនក្នុងបណ្តាញសង្គមជាច្រើនបានចូលតាមដានយ៉ាងរហ័ស ហើយរង់ចាំមើល បន្ទាប់ពីម៉ោង ៣រសៀលនេះហើយ តើនឹងមានការផ្លាស់ប្តូរ ឬ ដំណើរការរឿងក្តីអ្វីខ្លះអំពីករណីនេះ៕