គេនៅចាំបានថា តារាស្រីTangmo បានធ្លាក់ចូលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ពីទូកល្បឿនលឿនជាមួយអ្នករួមដំណើរ៥នាក់ផ្សេងទៀតជិះលើនោះ។ សាកសពរបស់នាង ត្រូវបានគេរកឃើញពីរថ្ងៃក្រោយមកនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលឧប្បត្តិហេតុកើតឡើងនៅជិតផែ Pibul 1 ក្នុងខេត្ត Nonthaburi។
រហូតមកដល់ពេលនេះ មានរយៈពេលជាង១ខែទៅហើយ សំណុំរឿងរបស់នាងនៅមិនទាន់បញ្ចប់នៅឡើយ ហើយហាជនថៃ កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារថា លទ្ធផលចុងក្រោយនៃការស្លាប់របស់នាងបណ្ដាលមកពីអ្វីឲ្យប្រាកដនោះ។
មនុស្សចំនួន៥នាក់នៅលើទូកជាមួយTangmoក្នុងអំឡុងពេលនាងធ្លាក់ចូលទឹកទន្លេនោះរួមមាន លោកTanupat “Por” Lerttaweewit, លោកPhaiboon “Robert” Trikanjananun, នាងIdsarin “Gatick” Juthasuksawat, នាងWisapat “Sand” Manomairat និង លោកNitas “Job” Kiratisoothisathorn។
ចំពោះពួកគេទាំង៥នាក់នេះ បើតាម លោក Decha Kittiwitthayanan ជាមេធាវីទទួលខុសត្រូវលើសំណុំរឿងក្តីការស្លាប់របស់តារាសម្ដែងស្រី Tangmo Nidaមានជំនឿថា មនុស្សចំនួន៥នាក់នោះ មិនរួចខ្លួនទេ អាចនឹងត្រូវកាត់ទោសទាំងអស់។
ទោះយ៉ាងណា ជុំវិញរឿងនេះ ប្រភពមួយទម្លាយថា មានអ្នកនៅរួមទូកម្នាក់ បានសារភាពហើយថា ពិតជាមានបុគ្គលសំខាន់ម្នាក់នៅពីក្រោយខ្នង មាននាទីចាំជួយតាក់តែងសាច់រឿងឱ្យពួកគេដើរគ្រប់យ៉ាងពិតមែន ហើយគេម្នាក់នោះ ជាមនុស្សប្រុស ព្រមទាំងជាអ្នកចេះដឹងខ្លាំងក្នុងផ្លូវច្បាប់ គេក៏ធ្លាប់ទៅជួបពិធីករល្បីមួយរូបរួចទៅហើយដែរ។
ចំពោះរឿងនេះ ម្តាយរបស់ Tangmo ក៏បានដឹងរួចទៅហើយ លោកស្រី ក៏បានភ្ញាក់ផ្អើលផងដែរ ប៉ុន្តែលោកស្រីនៅតែទាក់ទងនិយាយជាមួយ Poh និង Robert រួចប្រាប់ពួកគេរហូតថា លោកស្រីបានធ្វើអ្វីខ្លះនៅក្នុងរឿងក្តីនេះ៕