ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន៧នាក់, មួយថ្ងៃបន្ទាប់ពីមានការផ្ទុះនៅលើនាវាដឹកប្រេងឥណ្ឌូនេស៊ីមួយគ្រឿងហើយប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
អ្នកស្លាប់គឺស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ដែលជាប់នៅក្នុងនាវា Jag Leela នៅពេលវាបានឆាបឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីការផ្ទុះជាច្រើនលើកនៅឯកំពង់ផែ Belawan ក្នុងខេត្តស៊ូម៉ាត្រាខាងជើង។
ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើពេលជាច្រើនម៉ោងដើម្បីពន្លត់ភ្លើងនៅលើនាវាដែលកំពុងចតដើម្បីជួសជុល។
អ្នកនាំពាក្យប៉ូលិសក្នុងតំបន់ឈ្មោះ MP Nainggolan បាននិយាយថា ការធ្វើតេស្ត DNA កំពុងត្រូវបានធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះដែលរលាកភ្លើងយ៉ាងធ្ងន់ធ្ងរហើយនាវិកខ្លះនៅតែបាត់ខ្លួន។
គ្រោះអគ្គិភ័យនេះក៏បានបណ្តាលមនុស្សយ៉ាងតិច២២នាក់រងរបួសផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការផ្ទុះនិងអគ្គិភ័យនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ៕