គេនៅចាំបានថា តារាកំប្លែងដ៏ល្បីឈ្មោះ លោក រឿង សារ៉េត ហៅនាយតាក់ស៊ី បានលែងលះជាមួយប្រពន្ធ ដែលជាតារាកំប្លែងដូចគ្នា គឺអ្នកនាង ភីម កាលពីអំឡុងឆ្នាំ២០១៩ ក្រោយពីនាយ មានបញ្ហាជំងឺទឹកនោមផ្អែមនោះ។ រហូតមកដល់ពេលនេះ ពួកគេ មានគូរៀងៗខ្លួនអស់ហើយ។
ជុំវិញរឿង អ្នកនាង ភីម មានប្ដីថ្មីនេះដែរ កន្លងមក នាយតាក់ស៊ី ធ្លាប់បាន បញ្ជាក់ថា នាយមិនអាក់អាន់ស្រពន់ចិត្តអីទេ ដោយសារនាយ បានសម្រេចចិត្តឲ្យនាងយកប្ដីថ្មី ដោយសារពេលនោះ នាយគិតថា បួសមិនសឹក មួយទៀត មានជំងឺជាប់ខ្លួនផង។
ចំពោះគូស្នេហ៍របស់ខ្លួនវិញ មួយរយៈចុងក្រោយនេះ នាយតាក់ស៊ី បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមទីកតុកយ៉ាងភ្ញាក់ផ្អើល ហើយនៅពេលគេសួរថា «បងបានប្រពន្ធក្មេងមែន?» នាយតាក់ស៊ី បញ្ជាក់ថា «គាត់៣៨ឆ្នាំហើយបាទ»។
ដោយឡែក ស្ត្រីជាប្រពន្ធនាយតាក់ស៊ីវិញនោះ ក៏បានបង្ហោះរូបថតបង្ហាញភាពផ្អែមល្ហែមជាមួយ នាយតាក់ស៊ីផងដែរ ហើយក្នុងចំណោមរូបថត ដែលចងក្រងធ្វើជាវីដេអូនោះ ក៏ឃើញមាន ទិដ្ឋភាព ពួកគេ សែនព្រេនរៀបការតាមប្រពៃណីផងដែរ។
ក្រោយពី បានភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មី គេសង្កេតឃើញតារាកំប្លែង នាយ តាក់ស៊ី កាន់តែមានក្តីសុខ ហើយជីវភាពរស់នៅក៏មានភាពធូរធារជាងមុនដែរ។ ជាក់ស្ដែង ថ្មីៗនេះ នាយតាក់ស៊ី បានរៀបចំពិធីសម្ពោធហាងថ្មី និងឡើងគេហដ្ឋានថ្មីក្នុងថ្ងៃជាមួយគ្នាទៀតផង។
បន្ថែមលើនេះ កាលពីពេលថ្មីៗកន្លងទៅ ប្រពន្ធតារាកំប្លែងនាយតាក់ស៊ី បានធ្វើខួបកំណើតឱ្យប្ដី ព្រមទាំងបង្ហោះសារយ៉ាងផ្អែមល្ហែមថា ស្រឡាញ់នាយ តាក់ស៊ី ស្មើជីវិតទៀតផង ធ្វើឱ្យមហាជនអ្នកគាំទ្រឃើញ ហើយជួយអរជំនួសក្ដីសុខពួកគេទៀតផង។
នៅមិនទាន់អស់ទេ ភរិយា នាយតាក់ស៊ី ថែមទាំងចេះមើលថែស្វាមីបានយ៉ាងល្អ មិនប្រកាន់ខ្លួន រហូតដល់នាយ តាក់ស៊ី លាន់មាត់ថា «ភរិយាយខ្ញុំគាត់មិនដែលប្រកាន់ការងារ ឬទីកន្លែងទេអគុណអូន មើលថែប្ដីរហូត ប្រពន្ធស្អាតរកទីណាក៏បាន តែប្រពន្ធដែលលះបង់អោយយើងមានមិនច្រើនទេ»។
គួរបញ្ជាក់ថា នាយតាក់ស៊ី បានលែងលះជាមួយអ្នកនាង ភីម ជាប្រពន្ធដើម ដែលជាតារាកំប្លែងដូចគ្នា នៅមុនពេលដែលលោកចេញសាងព្រះផ្នួសនៅវត្ដដងទង់ ខេត្ដកំពង់ស្ពឺ កាលពីពាក់កណ្ដាលឆ្នាំ២០១៩។
នៅក្នុងការរស់នៅជាមួយគ្នាមុនពេលលែងលះនោះ នាយតាក់ស៊ី និងនាង ភីម មានកូនប្រុសម្នាក់ជាចំណងដៃ ហើយក្រោយពេល បែកគ្នា ពួកគេរាប់អានគ្នាដូចជាបងប្អូន។ ចំពោះជំងឺទឹកនោមផ្អែមរបស់នាយ តាក់ស៊ី រហូតមកដល់ពេលនេះ នៅមិនទាន់ជានៅឡើយទេ៕