លោកអ្នក បានជ្រាបរួចមកហើយថា ដំបូងឡើយបទផ្លូវណាទៅផ្ទះម៉ែក្មេក មិនទាន់មានភាពល្បីល្បាញខ្លាំងនោះទេ ដល់ពេលកញ្ញា មាស នីតា យកទៅCoverនោះ ស្រាប់តែធ្វើឲ្យចម្រៀងមួយបទនេះ មានភាពល្បីល្បាញតែម្ដង។
ទោះយ៉ាងណា ក្រោយបទនេះល្បីនោះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចអ្នកសារព័ត៌មានមួយចំនួនយល់ច្រឡំថា អ្នកCoverជាម្ចាស់ដើម រហូតច្រឡំដល់ទៅម្ចាស់Concertមួយទៀតផង ទើបធ្វើឲ្យផលិតកម្ម ដែលជាម្ចាស់ដើម ចេញសេចក្ដីជូនដំណឹងឲ្យលុបចោលតែម្ដង។
នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ផលិតកម្ម អេចប៊ី បានបញ្ជាក់ថា ផលិតកម្ម អេចប៊ី បានសម្រេចឲ្យម្ចាស់បទ Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដែលជាបទដើមរបស់កញ្ញា ថាន់ នឿថង លុបចេញពី Chanel You Tubeរបស់ខ្លួន។ ដោយម្ចាស់បទCover បានយកទៅច្រៀងបន្ត និងមានសារព័ត៌មាន ព្រមទាំងម្ចាស់Concertមួយចំនួន បានផ្សព្វផ្សាយជាសាធារណៈ ក្នុងខ្លឹមសារថា ម្ចាស់Coverជាម្ចាស់បទដើម។
ងាកមក កញ្ញា មាស នីតា ដែលជាម្ចាស់Coverបទនេះនោះ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកមួយ ដោយសម្ដែងការសោកស្ដាយ ក្រោយពីលុបបទនេះចេញ តាមសំណើម្ចាស់ដើម និងបានអះអាងថា មិនមែនខ្លួនគ្មានបទខ្លួនឯងច្រៀងនោះទេ តែដោយសារស្រឡាញ់បទនេះ ទើបយកមកច្រៀងCoverតែម្ដង។
លើសពីនេះ កញ្ញា មាស នីតា ថែមទាំងអះអាងថា មុននឹងច្រៀងCoverបទនេះនោះ បានសុំសិទ្ធិពីម្ចាស់ដើមត្រឹមត្រូវទៀតផង។ តែបើក្រឡេកមើលសេចក្ដីជូនដំណឹងរបស់ផលិតកម្មខាងលើវិញ បានបញ្ជាក់ថា ការពិតជាក់ស្ដែង ពុំមានបានសុំសិទ្ធិពីផលិតកម្មនោះឡើយ។
ទោះយ៉ាងណា បើពុំមាន កញ្ញា មាស នីតា នោះទេ បទនេះ ក៏មិនល្បីខ្លាំងនោះដែរ ហើយកញ្ញា មាស នីតា មិនត្រឹមតែ មិនទទួលបានពាក្យសរសើរនោះទេ ថែមទាំងត្រូវម្ចាស់អាខោនមួយដៀលកប់ៗមាត់ទៀតផង។
ឆ្លើយតបនឹងការថាឲ្យខ្លួនឡើងស្ពឹកមុខនេះ កញ្ញា មាស នីតា កាលពីម្សិលមិញ បានស្ក្រីនសតសារនោះ យកមកបង្ហោះ ហើយធ្វើការប្រកាសថា «ខ្ញុំសុំអោយបងម្ចាស់អាខោន ខាងក្រោមនេះ មកដោះស្រាយជាមួយខ្ញុំ ហេតុអីជេរ និងមើលលងាយខ្ញុំជាសាធារ: បងជាមនុស្ស ប្រុសមិចមិនចេះប្រើភាសាអោយបានល្អជាងនេះ ដែលប្រើភាសា ង៉ែង ហង មី
ខ្ញុំអាចប្តឹងបងបានពីបទ ជេរប្រមាទ និងមើលងាយខ្ញុំបាន
ខ្ញុំទុកពេលអោយ3 ម៉ោង»។
ក្រៅពីអាខោនខាងលើនេះ ក៏មានអាខោនមួយទៀត ដែលជានិពន្ធទំនុក & Melody នៅផលិតកម្មខាងលើ ថាឲ្យមាស នីតា ស្ពឺកមុខផងដែរ ហើយជាការឆ្លើយតប មាស នីតា បានបញ្ជាក់ថា «ខ្ញុំអត់មានពេលតាមដានដូចបង តាមដានខ្ញុំទេ តាមដាន ចូលទាំងខមិនខ្ញុំទៀត ខ្ញុំមិនមែនតារាល្បីទេ បងមានបងប្អូនស្រី សង្ឃឹមថាបងយល់»។ លើសពីនេះ មាស នីតា ថែមទាំងឡាយវីដេអូ បញ្ជាក់បន្ថែមផងដែរ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖