គេនៅចាំបានថា កូនស្រីតែម្នាក់របស់កំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង គឺកីឡាការិនីគុនខ្មែរ អេ យ៉ានុត បានរៀបចំពិធីភ្ជាប់ពាក្យជាមួយស្វាមី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ហើយពិធីសិរីមង្គលនេះ ត្រូវបានរៀបចំឡើងនៅគេហដ្ឋានរបស់ខ្លួនផ្ទាល់តែម្ដង។
ក្រោយពីភ្ជាប់ពាក្យ និងបានស្វែងយល់ចិត្តគ្នា អស់រយៈពេលជាយូរ ឪពុកម្ដាយទាំងសងខាង ក៏បានឯកភាពរៀបចំពិធីសែនព្រេនជំនួសការរៀបអាពាហ៍ពិពាហ៍ ដោយសារតែមើលឃើញពីស្ថានភាពបច្ចុប្បន្នមិនអំណោយផល ខណៈជំងឺរាតត្បាតសកលកូវីដ១៩កំពុងតែវាយលុកខ្លាំងនៅលើបណ្ដាប្រទេសជាច្រើនក្នុងសកលលោក ព្រមទាំងប្រទេសកម្ពុជាផងនោះ។
ពិធីសែនព្រេនរបស់ពួកគេធ្វើឡើង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។ ក្រោយសែនព្រេនរួច មកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កូនស្រី អតីតស្តេចប្រដាល់រូបនេះ ក៏បានសម្រាលកូនប្រុសម្នាក់ ប្រកបដោយជោគជ័យ។
ជាមួយគ្នានេះ ភរិយា លោក អេ ភូថង ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា «សមាជិកថ្មី ត្រកូលភូថង ចៅទី1 កើតម៉ោង1.10នាទី សុខភាពល្អ ទាំងម្ដាយ ទាំងកូន អរគុណ អ្នកគ្រូពេទ្យ»។ ក្រោយសម្រាលរយៈពេល១ខែនោះ អ្នកស្រី អេ យ៉ានុត ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកនៅថ្ងៃទី១២ ខែមេសា ហើយបញ្ជាក់ថា «អូនចេញខែហើយ»។
តាមរយៈរូបថតជាច្រើនសន្លឹកនេះ គេសង្កេតឃើញថា លោក អេ ភូថត ស្ថិតក្នុងទឹកមុខញញឹមញញែមសប្បាយរីករាយក្រៃលែងចំពោះវត្តមានចៅប្រុសដំបូងរបស់ខ្លួននោះ ខណៈអ្នកគាំទ្រជាច្រើន ក៏បានចូលរួមអបអរសាទរព្រោងព្រាតផងដែរ៕