បុរសវ័យ៤០ឆ្នាំម្នាក់ឈ្មោះ AR ដែលធ្វើតេស្តវិជ្ជមានជំងឺ COVID-19 បានបង្កឲ្យមានភាពច្របូកច្របល់នៅពេលគាត់បដិសេធទៅមន្ទីរពេទ្យជាមួយក្រុមគ្រូពេទ្យហើយបានចាប់ឱបអ្នកជិតខាងរបស់គាត់នៅទីក្រុង Tasikmalaya ក្នុងខេត្តជ្វាខាងលិច។
AR ខឹងសម្បាយ៉ាងខ្លាំងនៅពេលក្រុមគ្រូពេទ្យចូលទៅយកគាត់នៅផ្ទះរបស់គាត់ក្នុងសង្កាត់ Empangsari កាលពីថ្ងៃសុក្រ។ គាត់បានផ្ទុះកំហឹងនៅពេលអ្នកជិតខាងទាញទូរស័ព្ទថតហេតុការណ៍នេះ។
គាត់បានរត់សំដៅទៅអ្នកជិតខាងហើយឱបគេឯងក្នុងគោលបំណងចម្លងរោគ។
គេហទំព័រ Kompas.com បានរាយការណ៍កាលពីថ្ងៃសុក្រថា បុរសនោះបានស្រែកថា “តើអ្នកមើលអី? ខ្ញុំនឹងឱបអ្នកទាំងអស់គ្នាហើយអ្នកនឹងត្រូវបានគេតាមដានឃ្លាំមើល”។
ទោះបីជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ បុគ្គលិកពេទ្យបានព្យាយាមបញ្ចុះបញ្ចូល AR ឲ្យទៅមន្ទីរពេទ្យហើយដាក់នៅដាច់ដោយឡែកពីគេ។
គួរបញ្ជាក់ថា ករណីជំងឺ COVID-19 នៅប្រទេសឥណ្ឌូនេស៊ីគិតត្រឹមពេលនេះគឺមាន១៧,០២៥ករណីដោយមានអ្នកស្លាប់ចំនួន១,០៨៩នាក់និងអ្នកជាសះស្បើយ៣,៩១១នាក់៕