ខណៈពេលដែលប្រទេសចិនមិនដែលបានបញ្ជាក់ជាផ្លូវការនូវការអភិវឌ្ឍមីស៊ីល Ju Lang 3 ឬ JL-3 នោះ, វីដេអូនៃការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជំនាន់ទីបីនេះត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញអ៊ីនធើណិតនាពេលថ្មីៗដោយបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកជាថ្មីម្តងទៀតលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន។
កាសែត South China Morning Post បានរាយការណ៍ថា កងទ័ពជើងទឹកចិនបានសាកល្បងវារួចទៅហើយនៅឆ្នាំ២០១៨និងឆ្នាំ២០១៩។ មីស៊ីលប្រភេទ SLBM ខ្នាតធំបាញ់ចេញពីនាវាមុជទឹកជំនាន់ទីបីមួយនេះត្រូវបានគេរាយការណ៍ថាមានរយៈចម្ងាយប្រហែល១២,០០០គីឡូម៉ែត្រដែលល្មមនឹងហោះទៅដល់សហរដ្ឋអាមេរិកបើសិនជាវាត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រចិន។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងនៅឡើយទេថាតើក្បាលគ្រាប់ត្រូវបានដំឡើងនៅលើមីស៊ីលនេះដែរឬអត់។
បើយោងតាមអ្នកសង្កេតការណ៍យោធាចិនបានឲ្យដឹងថា ការសាកល្បងកាំជ្រួចមីស៊ីលនេះគឺជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំញើញរបស់លោកប្រធានាធិបតី Donald Trump ដែលផ្តោតលើប្រទេសចិន។
ប្រតិបត្តិការយោធានាពេលថ្មីៗនេះនៅសមុទ្រចិនខាងត្បូងនិងច្រកសមុទ្រតៃវ៉ាន់បានបង្កើនភាពតានតឹងបន្ថែមទៀតរវាងចិននិងសហរដ្ឋអាមេរិក។ ហើយទំនាក់ទំនងរវាងចិននិងអាមេរិកកាន់តែមានភាពតានតឹងចាប់តាំងពីវិបត្តិជំងឺ COVID-19 មក៕