សហរដ្ឋអាមេរិកបានយល់ព្រមលក់គ្រាប់បែកប្រឆាំងនាវាធុនធ្ងន់ក្នុងទំហំទឹកប្រាក់ចំនួន១៨០លានដុល្លារទៅឲ្យកោះតៃវ៉ាន់នៅក្នុងសកម្មភាពមួយដែលទំនងជានឹងធ្វើឲ្យចំណងទាក់ទងកាន់តែមានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងដែលអះអាងថា កោះតៃវ៉ាន់ជារបស់ខ្លួន។
ក្រសួងការបរទេសអាមេរិកបាននិយាយថា “ការលក់នេះគឺជាការបម្រើដល់ផលប្រយោជន៍ជាតិ សេដ្ឋកិច្ចនិងសន្តិសុខរបស់សហរដ្ឋអាមេរិកដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកទទួលក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននិងរក្សានូវសមត្ថភាពការពារដែលអាចជឿទុកចិត្តបាន”។
ការលក់នេះនឹងជួយធ្វើឲ្យប្រសើរឡើងនូវសន្តិសុខរបស់អ្នកទទួលនិងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធានិងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់។
ក្រសួងការបរទេសបាននិយាយថា គ្រាប់បែកធុនធ្ងន់ដ៏ទំនើបប្រភេទ MK-48 Mod 6 ដែលអាចបាញ់ចេញពីនាវាមុជទឹកគឺកំពុងត្រូវបានផ្គត់ផ្គង់ពីស្តុករបស់កងទ័ពជើងទឹកអាមេរិកដែលមានស្រាប់៕